(ប៉េកាំង)៖ ប្រមុខរដ្ឋប្រទេសទាំងពីរណែនាំជំរុញកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កិច្ចពិគ្រោះពិភាក្សាថ្នាក់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកជុំទី៦ ដែលញ៉ាំងឲ្យពិភពលោកចាប់អារម្មណ៍ បានបញ្ចប់នៅក្រុងប៉េកាំង។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Robert Lighthizer តំណាងពាណិជ្ជកម្មរបស់អាមេរិក និងលោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក ដែលអញ្ជើញទៅចូលរួមកិច្ចពិគ្រោះពិភាក្សាជុំនេះថ្លែងក្នុងកិច្ចជំនួប លោក ស៊ីជីន ភីង បានគូសបញ្ជាក់ថា ការធ្វើកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរចិននិងអាមេរិកនឹងទទួលបានផលឈ្នះ-ឈ្នះ ហើយការបដិបក្ខគ្នានឹងត្រូវខូចខាតទាំងអស់ ដូច្នេះកិច្ចសហប្រតិបតិ្តការគឺជម្រើសល្អបំផុត។

លោក ស៊ី ជីនភីង រំពឹងទុកក្រុមការងារទ្វេភាគីអាចអនុលោមតាមគោលការណ៍ និងទិសដៅដែលខ្លួនលោក និងលោក ត្រាំ ប្រធានាធិបតីអាមេរិកបានកំណត់នោះបង្កើនការប្រាស្រ័យទាក់ទង ផ្តោសសំខាន់ទៅលើកិច្ចសហប្រតិបតិ្តការ ក៏ដូចជាគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាឲ្យបានល្អ ដើម្បីជំរុញឲ្យកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក និងទំនាក់ទំនងនៃប្រទេសទាំងពីររីកចម្រើន ទៅមុខដោយរឹងមាំនិងប្រកបដោយស្ថិរភាព។

នេះគឺជាលើកដំបូងដែលលោកប្រធានរដ្ឋចិន ស៊ី ជីនភីង ជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មអាមេរិក ចាប់តាំងពីជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែឡើងកម្តៅជាបន្តបន្ទាប់នាខែកុម្ភៈ ឆ្នាំ២០១៨ និងភាគីទាំងពីរបានធ្វើការពិគ្រោះពិភាក្សាជាច្រើនជុំមក។ នេះគឺមានសេចក្តីថា ការពិគ្រោះពិភាក្សាជុំនេះបានបោះជំហានទៅមុខថែមមួយកម្រិតទៀតលើមូលដ្ឋាននៃការ ពិគ្រោះពិភាក្សានៅក្រុងវ៉ាស៊ីនតោន កាលពីពីរសប្តាហ៍មុនដែលទទួលបានការវិវឌ្ឍដ៏សំខាន់នោះ ក្រៅពីនេះប្រការនេះក៏បានបង្ហាញទៀតថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានដើរតួនាទីណែនាំ ជាគន្លឹះជាប់រហូត ក្នុងការដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិកដោយសមរម្យ។

ឥស្សរជនវិភាគបានវែកញែកថា ក្នុងពេលជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោកប្រធាន ស៊ី ជីនភីង បានលើកឡើងថា កិច្ចសហប្រតិបត្តិការគឺមានគោលការណ៍ ប្រការនេះបង្ហាញថា ល័ក្ខខ័ណ្ឌសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកគឺមិនត្រូវប៉ះពាល់ដល់ផលប្រយោជន៍ជាស្នូលរបស់ប្រទេសចិននិងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនចិន។

តាំងពីជម្លោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកកាន់តែឡើងកម្តៅនាខែកុម្ភៈ ឆ្នាំ២០១៨ ការពិភាក្សាតាមទូរស័ព្ទពីរលើកនិងកិច្ចជំនួបមួយលើកក្នុងគ្រា ជាគន្លឹះរបស់ប្រមុខរដ្ឋប្រទេសទាំងពីរបានដើរតួនាទីបន្ធូបន្ថយសំខាន់។ ជាពិសេស មតិឯកភាពសំខាន់ៗដូចជាការផ្អាកឡើងកម្តៅនៃសង្រ្គាមពន្ធគយជាដើមរវាងប្រមុខរដ្ឋប្រទេសទាំងពីរ ដែលបានឈានដល់ក្នុងកិច្ចជំនួបនៅប្រទេសអាហ្សង់ទីន កាលពីខែធ្នូឆ្នាំមុនបានបំង្វែរតែម្តងនូវស្ថានការណ៍ដែលជម្លោះពាណិជ្ជកម្មរវាងភាគីទាំងពីរ មានភាពកាន់តែធ្ងន់ធ្ងរឥតឈប់ឈរ។

ជិត៣ខែកន្លងមក ក្រោមការណែនាំនៃគំនិតឯកភាពសំខាន់ៗរបស់ប្រមុខរដ្ឋប្រទេសទាំងពីរ ក្រុមសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រទេសទាំងពីរចិននិងមេរិកដើរតាមទិសដៅតែមួយ ធ្វើការពិគ្រោះពិភាក្សាយ៉ាងមមាញឹក។ ក្នុងអំឡុងពេលការពិគ្រោះពិភាក្សាជុំនេះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរដោយស៊ីជម្រៅស្តីពីបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នាដូចជា ការផ្ទេរបច្ចេកទេស ការការពារកម្មសិទ្ធិបញ្ញា របាំងមិនមែនពន្ធគយ កសិកម្ម តុល្យភាពខាងពាណិជ្ជកម្មនិងយន្តការអនុវត្តជាដើម បានឈានដល់គំនិតឯកភាពរួមជាគោលការណ៍អំពីបញ្ហាសំខាន់ៗ ព្រមទាំងបានធ្វើការប្រាស្រ័យទាក់ទងដោយស៊ីជម្រៅអំពីឯកសារអនុស្សរណៈយោគយល់ស្តីពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក ប្រទេសទាំងពីរបានឯកភាពគ្នាថានឹងបន្តធ្វើការពិគ្រោះពិភាក្សានៅក្រុងវ៉ាស៊ីនតោននៅសប្តាហ៍ក្រោយ។

ប្រការទាំងនេះបានបង្ហាញឲ្យឃើញថា បញ្ហាដែលភាគីទាំងពីរបានពិគ្រោះពិភាក្សាមិនគ្រាន់តែមានភាពទូលំទូលាយនិងស៊ីជម្រៅប៉ុណ្ណោះទេ ថែមទាំងបានឈានដល់មតិឯកភាពគ្នាជាគោលការណ៍ អំពីបញ្ហាសំខាន់ៗទៀតផង ។ មតិឯកភាពគ្នាជាគោលការណ៍ទាំងនេះបានបង្ហាញនូវការយកចិត្តទុកដាក់របស់ភាគីអាមេរិកផង ក៏បង្ហាញនូវការយកចិត្តទុកដាក់របស់ភាគីចិនផងដែរ ពោលគឺបានបង្ហាញយ៉ាងច្បាស់នូវគោលការណ៍ដែលសមភាពគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នា និងឈ្នះ-ឈ្នះ។

ក្នុងកិច្ចពិភាក្សាលើកនេះ ភាគីចិន និងអាមេរិកបានពិគ្រោះពិភាក្សាអំពីសេចក្តីព្រាង នៃអនុស្សារណៈយោគយល់ស្តីពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ប្រការនេះបានបង្ហាញឲ្យឃើញថា កិច្ចពិភាក្សារវាងភាគីទាំងពីរបានឈានចូលដំណាក់កាលគ្រោងសេចក្តីព្រាងនៃកិច្ចព្រមព្រៀង ដែលជាការវិវឌ្ឍន៍ប្រកបដោយលក្ខណៈជាដំណាក់កាលដ៏សំខាន់មួយទៀត ។ អំពីបញ្ហាយន្តការអនុវត្តដែលភាគីទាំងពីរបានយកចិត្តទុកដាក់ខ្លាំងដូចគ្នា ដោយមកពីកិច្ចពិភាក្សាដែលធ្វើនៅក្រុងវ៉ាស៊ីនតោន បានឈានដល់មតិឯកភាពគ្នាជាគោលការណ៍អំពីក្របខណ្ឌ និងចំណុចមូលដ្ឋាននៃបញ្ហាមួយនេះរួចស្រេចទៅហើយ ហេតុដូច្នេះក្នុងកិច្ចពិភាក្សាលើកនេះក៏បានធ្វើការផ្លាស់ប្តូរមតិយោបល់អំពីបញ្ហានេះថែមទៀត។

ប្រការនេះប្រាកដជាមានអំណោយផលដល់ការធានាឲ្យវិធានការដែលភាគីទាំងពីរបានសម្រេចជាឯកច្ឆ័ន្ទអាចមានសុពលភាពបាន។ អ្វីដែលត្រូវផ្តោតការយកចិត្តទុកដាក់នោះគឺ ក្រុមសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសចិន និងអាមេរិកសម្រេចបន្តធ្វើការពិគ្រោះពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ។ នេះមានន័យថា ភាគីទាំង២ចិន និងអាមេរិកសុទ្ធតែមានគោលបំណងយ៉ាងខ្លាំងឲ្យឈានដល់កិច្ចព្រមព្រៀងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងកាលបរិច្ឆេទ។ បច្ចុប្បន្នរយៈពេលបញ្ចប់កិច្ចពិគ្រោះពិភាក្សាមិនដល់២សប្តាហ៍ហើយ។ មើលពីក្រុមសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសចិននិងអាមេរិកបន្តរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធនិងបន្តធ្វើកិច្ចពិគ្រោះពិភាក្សានៅសប្តាហ៍ក្រោយ ប្រមុខរដ្ឋនៃប្រទេសទាំង២ បានជួបសន្ទនាដោយឡែកពីគ្នាជាមួយតំណាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់គូភាគី រហូតដល់ភាគីអាមេរិកបានផ្សាយដំណឹងថា ប្រមុខរដ្ឋនៃប្រទេសទាំង២នឹងជួបសន្ទនាគ្នាម្តងទៀត ប្រការទាំងនេះបង្ហាញថា គួរតែមានសុទិដ្ឋិនិយមចំពោះប្រទេសចិន និងអាមេរិក ដែលអាចឈានដល់កិច្ចព្រមព្រៀង សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ-ឈ្នះគ្នា។

ក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ ដោយសាររបបសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌ជាដើមមានភាពខុសគ្នា បានជារវាងចិននិងអាមេរិកមានការភ័នច្រឡំ រហូតដល់ទៅធ្លាប់កើតមានវិបត្តិយ៉ាងធ្ងន់ធ្ងរពីរបីលើកទៀត។ នៅទីបំផុតដោយពឹងផ្អែកលើតម្រិះប្រាជ្ញាខាងនយោបាយរបស់ថ្នាក់ដឹកនាំទ្វេភាគី ប្រទេសទាំងពីរមិនត្រឹមតែបានដោះស្រាយវិបត្តិទាំងនោះប៉ុណ្ណោះទេ ថែមទាំងបានបង្កើនការយល់ដឹងគ្នា និងជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិក។ លើកនេះក៏មិនលើកលែងដែរ។ ឱ្យតែភាគីទាំងពីរបន្តមានទិសដៅដូចគ្នា កាត់បន្ថយការខ្វែងគំនិតគ្នានោះទំនាក់ទំនងរវាងចិន និងអាមេរិក នឹងបង្វែរពីវិបត្តិទៅជាកាលានុវត្តភាពជាថ្មីម្តងទៀត ព្រមនិងសម្រេចការឈ្នះ-ឈ្នះផងដែរ៕