(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវ​ឱ្យប៉ាគីស្ថាន បញ្ឈប់ការផ្ដល់​ឋានសួគ៌សុវត្ថិភាពសម្រាប់ពួកភេរវករជ្រក​កោណ បន្ទាប់ពីកងកម្លាំង​សន្តិសុខ​ឥណ្ឌា ៤៦នាក់ បានបាត់​បង់ជីវិតនៅក្នុងការ​វាយប្រហារ​ដោយបំផ្ទុះគ្រាប់បែកអត្តឃាត​ដ៏កក្រើក​នៅតំបន់​កាស្មៀរ។ នេះបើ​តាមការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃសុក្រ​សប្ដាហ៍នេះ លោក ប៉ុមប៉េអូ បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា​ «សហរដ្ឋអាមេរិក​ថ្កោលទោស​ ចំពោះការវាយប្រហារដ៏​អាក្រក់ ប្រឆាំងនឹងកងកម្លាំង​សន្តិសុខ​ឥណ្ឌា ហើយខ្ញុំសូម​សម្ដែងមរណទុក្ខ​យ៉ាងក្រៀមក្រំ​ដល់ជនរងគ្រោះ និងគ្រួសារ សាច់ញាតិ​របស់​ពួកគេ។ ប៉ុន្តែយើង​នឹងឈរនៅជា​មួយឥណ្ឌា ដើម្បីប្រយុទ្ធប្រឆាំង​នឹង​ពួកភេរវករ រីឯប៉ាគីស្ថាន​ត្រូវតែបញ្ឈប់​រាល់ការ ផ្ដល់ឋានសួគ៌​សុវត្ថិភាពដល់ពួកភេរវករ​ ដែលកំពុងគម្រាម​កំហែងដល់សន្តិសុខ​អន្តរជាតិទាំងមូល»។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ កងកម្លាំងសន្តិសុខ​ឥណ្ឌា ៤៦នាក់ ត្រូវបានសម្លាប់​នៅក្នុងការវាយប្រហារ ​ដោយបំផ្ទុះគ្រាប់បែកអត្តឃាតលើក្បួន​រថយន្ដរបស់ពួកគេ​ នៅឯតំបន់កាស្មៀរ​ដែលជាដែនដី​ជម្លោះរវាង​ឥណ្ឌា និងប៉ាគីស្ថាន។ ចំណែកឯ​ក្រុម​សកម្មប្រយុទ្ធ ហ្សេសអ៊ីម៉ូហាំម៉េដ (Jaish-e Mohammed) មានមូលដ្ឋាន​ក្នុងប្រទេសប៉ាគីស្ថាន​បានអះអាងថា ខ្លួនគឺជាអ្នកនៅ​ពីក្រោយ​ការវាយប្រហារ​នេះ តែទីក្រុង​អ៊ីស្លាម៉ាបាដបាន​ទាត់​ចោល​រាល់ការចោទថា​ ខ្លួនគាំទ្រក្រុមសកម្ម​ប្រយុទ្ធមួយ​នេះ៕