(អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដបានប្រកាសទាត់ចោលទាំងស្រុង ចំពោះ​ពាក្យចោទប្រកាន់ពីសំណាក់ប្រទេសឥណ្ឌា ដែលថាប៉ាគីស្ថានគឺជាអ្នកស្ថិតនៅពីក្រោយ​ការបំផ្ទុះគ្រាប់បែកលើរថយន្តក្រុង នៅតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា (Kashmir) ដែលបានបណ្តាលឲ្យនាយទាហានឥណ្ឌា ៤០នាក់បាត់បង់ជីវិតនោះ។ នេះបើតាមការ​ចេញផ្សាយដោយ ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ដើម្បីបង្ហាញនូវជំហរប្រឆាំងនឹងការចោទប្រកាន់​នេះ ក្រសួងការបរទេសប៉ាគីស្ថាន​ក៏បានកោះហៅលោក ហ្គោរ៉ាវ អាលូវ៉ាលៀ (Gaurav Ahluwalia) តំណាង​ជាន់ខ្ពស់​របស់ឥណ្ឌាប្រចាំប៉ាគីស្ថាន ទៅធ្វើការសួរនាំផងដែរ។ នៅចំពោះមុខតំណាង​ជាន់ខ្ពស់​ឥណ្ឌា មន្ត្រីក្រសួងការបរទេសប៉ាគីស្ថានបានធ្វើការច្រានចោលការចោទប្រកាន់ដោយគ្មាន​មូលដ្ឋានទាំងអស់ និងបាន​អំពាវនាវឲ្យឥណ្ឌារក្សាការអត់ធ្មត់​ ដោយកុំចេះតែធ្វើការ​ចោទ​ប្រកាន់នរណាម្នាក់ ដោយមិនទាន់បានធ្វើការស៊ើបអង្កេតជាមុននោះ។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ៤០នាក់​បានស្លាប់​នៅក្នុងការវាយប្រហារបំផ្ទុះ​គ្រាប់បែកដ៏អាក្រក់មួយ​របស់​ក្រុមសកម្មយុទ្ធ លើក្បួនរថយន្ដ​ដឹកកងកម្លាំងសន្តិសុខ​ឥណ្ឌានៅឯតំបន់​កាស្មៀ។ យោងតាមអាជ្ញាធរឥណ្ឌា រថយន្ដមួយគ្រឿងផ្ទុក ដោយគ្រឿងផ្ទុះ​បានបើក​បំបុករថយន្ដក្រុង​មួយគ្រឿង​ ដែលកំពុងដឹកកងកម្លាំង​សន្តិសុខឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុងស្រ៊ីណាហ្គា (Srinagar)។

ដោយឡែកក្រោយ​ការវាយប្រហារ ក្រុមសកម្មប្រយុទ្ធ ហ្សេសអ៊ីមូហាំម៉េដ (Jaish-e-Mohammad) ដែលមានមូលដ្ឋាននៅក្នុង​ប្រទេសប៉ាគីស្ថានបានចេញ​មុខអះអាងថា ខ្លួនជាអ្នកនៅពីក្រោយ​ការវាយ​ប្រហារដ៏កក្រើកបំផុតនេះ នៅលើផ្លូវហាយវ៉េ Srinagar-Jammu ដែលសិ្ថតនៅចំងាយ ២០គីឡូម៉ែត្រពីទីក្រុង Srinagar នៃតំបន់កាស្មៀ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍​នេះ៕