(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា អឺរ៉ុបមិនអាចប្រឆាំងនឹង​ការដាក់ពង្រាយមីស៊ីល​អាមេរិក បើទោះជា ពួកគេដឹងថា​វាប្រឆាំងនឹងផលប្រយោជន៍​របស់ខ្លួនឯង​ក៏ដោយ គឺដោយសារ​តែបច្ចុប្បន្ន «គ្មានប្រទេសណា​មួយជឿជាក់​លើឯករាជ្យ​ភាពទៀត​ឡើយ»។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ការកត់សម្គាល់​បែបនេះរបស់​លោក ពូទីន ធ្វើឡើងនៅ​អំឡុងពេល​បំពេញទស្សនកិច្ចក្នុង​ទីក្រុង សូឈី (Sochi)។ នាឱកាសនោះ បុរស ខ្លាំងនៃវិមានក្រឹមឡាំងរូបនេះ បានលើក​ឡើងយ៉ាងដូច្នេះថា «ខ្ញុំគិតថា​ពិភពលោកសម័យ​ទំនើបបច្ចុប្បន្ន​ គឺជាពិភពលោក​ដែលពឹងពាក់គ្នា​ទៅវិញ ទៅមក ហើយគ្មាន​ឡើយប្រទេសឯករាជ្យ​ពេញលេញ... តើអ្នកធ្លាប់គិត​ទេថា បណ្ដាប្រទេស​អឺរ៉ុបចង់ឱ្យសហរដ្ឋអាមេរិក​ដាក់ពង្រាយ មីស៊ីល​នៅអឺរ៉ុប? ច្បាស់ណាស់​គ្មាននរណាម្នាក់​ចង់ឡើយ។ ប៉ុន្តែហេតុអ្វី​បានជាពួកគេ​នៅស្ងៀម... តើឯណាទៅ​អធិបតេយ្យភាព​របស់ខ្លួន»

គួរបញ្ជាក់ថា លោក ពូទីន បានចូលរួមកិច្ច​ប្រជុំជាមួយសមភាគី​តួកគី លោក អឺដូហ្កាន់ និងសមភាគី​អឺរ៉ង់ លោក រូហានី នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ នៅឯទីក្រុង Sochi ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាគ្នា​ពីអនាគតប្រទេសស៊ីរី ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានរៀបចំកិច្ចប្រជុំមួយដែរក្នុងប្រទេសប៉ូឡូញ​ ស្ដីពីតំបន់មជ្ឈិមបូព៌ា ជាពិសេស​គឺផ្តោតលើប្រទេសអ៊ីរ៉ង់៕