(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថាមនុស្ស៥នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីខ្មាន់​កាំភ្លើងម្នាក់បើកការបាញ់ប្រហារនៅឯសួនឧស្សាហកម្មមួយកន្លែងក្នុងរដ្ឋ Illinois។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមប៉ូលិសអាមេរិក ខ្មាន់កាំភ្លើងក៏ត្រូវបានបាញ់សម្លាប់ភ្លាមៗផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយពីមូលហេតុ​នៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ ខណៈបុរសជាខ្មាន់កាំភ្លើងត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Gary Martin​ អាយុ៤៥ឆ្នាំ និងជាបុគ្គលិកក្រុមហ៊ុនម្នាក់។ ប៉ូលិសអាមេរិកបន្ថែមទៀតថា ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងនៅ​ថ្ងៃសុក្រ​សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ក្នុងតំបន់ Aurora ស្ថិតនៅចំងាយ៦៥គីឡូម៉ែត្រពីភាគខាងលិចទីក្រុង Chicago។

គួរជម្រាបថា ហេតុការណ៍បាញ់ប្រហារខាងលើ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រារព្ធខួបលើកទី១នៃការបាញ់ប្រហារ សម្លាប់មនុស្ស១៧នាក់ នៅឯសាលារៀនមួយកន្លែង ក្នុងទីក្រុង Parkland នៃរដ្ឋ Florida៕