​(កាប៊ុល)៖ សហរដ្ឋអាមេរិកអាចនឹងដកកងទ័ពរបស់ខ្លួនច្រើនជាង១,០០០នាក់ ចេញពីប្រទេសអាហ្វហ្កានីស្ថាន ខណៈកិច្ចចរចា​ស្វែងរកសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់ត្រូវបានគេមើលឃើញថាកំពុងមានភាពរីកចំរើនទៅមុខ។ នេះបើតាមលោក Joseph Votel ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

តែទោះជាយ៉ាងក៏ដោយ ឧត្ដមសេនីយ៍អាមេរិក លោក Joseph Votel ជាមេបញ្ជាទីបញ្ជាការកណ្ដាលយោធាអាមេរិក បានបញ្ជាក់ថាការសម្រេចចិត្តកាត់បន្ថយចំនួនកងទ័ពក្នុងចំណោមកងទ័ពអាមេរិក១៤,០០០នាក់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន មិនមានជាប់ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនោះឡើយ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ ក៏ធ្លាប់បានបង្ហាញពីបំណងកាត់បន្ថយចំនួនកងទ័ព​អាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថានផងដែរ បន្ទាប់ពីលោកសម្រេចចិត្តដកកងទ័ពចេញពីប្រទេសស៊ីរី៕