(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez នាថ្ងៃសុក្រនេះបានប្រកាសថា ការបោះឆ្នោត​សកលនឹងត្រូវធ្វើ​ឡើងមុនអាណត្តិ ក្នុងខែមេសា ខាងមុខ ដែលពីដំបូងឡើយត្រូវប្រព្រឹត្តទៅនាឆ្នាំក្រោយ។ នេះបើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃ​សុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិអេស៉្បាញ លោក Sanchez បានលើកឡើងយ៉ាងដូច្នេះថា «រវាងការអង្គុយស្ងៀម​ហើយ​បន្ត​​​ទៅមុខដោយពុំមានកញ្ចប់ថវិកា និងការអំពាវនាវឲ្យ​ប្រជាជនអេស៉្បាញ​បញ្ចេញយោបល់របស់ពួកគេ ខ្ញុំរើសយកជម្រើស​​ទីពីរ​។ ប្រទេសអេស៉្បាញត្រូវតែបន្តវិវឌ្ឍន៍ទៅមុខ ដោយភាពយោគយល់ ដោយការគោរព និងចេះប្រមាណខ្លួន ព្រមទាំងមានការ​ត្រិះ​រិះ​ពិចារណាត្រឹមត្រូវ។​ ដូច្នេះហើយ ខ្ញុំបានស្នើរំលាយសភា និងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែមេសា​»

ដោយឡែក គណបក្សពលករសង្គមនិយមអេស៉្បាញ PSOE របស់លោក Sanchez ដែលបានបង្កើតរដ្ឋាភិបាល ​កាន់កាប់​អាសនៈ​​តែ​៦២ប៉ុណ្ណោះនៃអាសនៈ​ទាំង២៦៦ នៅសភាជាន់ខ្ពស់​ និង៨៤អាសនៈនៃអាសនៈ​ទាំង​៣៥០ នៅសភាជាន់ទាប​​នៃសភា​​របស់​ប្រទេសអេស៉្បាញ។

គួរជម្រាបថា លោក Pedro Sanchez បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីអេស៉្បាញ កាលពីខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពី​រដ្ឋាភិបាលអភិរក្សនិយមមុនត្រូវបានទម្លាក់ពីអំណាច នៅក្នុងការបោះឆ្នោតស្ទង់ទំនុកចិត្ត។ សម្រាប់ការបោះឆ្នោត​សកល​ខាង​លើដែលស្នើឡើងដោយលោក Sanchez នឹងជាការបោះឆ្នោតសាកលលើកទី០៣ហើយ នៅអេស៉្បាញ ក្នុងអំឡុងពេលមិន​ដល់​០៤ឆ្នាំឡើយ៕