(វ៉ាស៊ីនតោន)៖ ខណៈដែល​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ត្រៀមនឹងចុះហត្ថលេខា​លើ​សេចក្តីព្រាង​​កញ្ចប់ថវិកា ​ដើម្បីបញ្ចៀស​ការបិទទ្វាររដ្ឋាភិបាល​សាជាថ្មី រូបលោកនឹងក៏​នឹងប្រើអំណាចប្រតិបត្តិ​របស់លោក ប្រកាសភាពអាសន្នផ្នែកសន្តិសុខ ដើម្បី​ចាយលុយ​០៧ពាន់លានដុល្លារសម្រាប់​ជញ្ជាំងព្រំដែន ​ដែលលោកចង់​បាន​ផងដែរ។ នេះបើតាមប្រភពពីមន្រ្តីសេតវិមាន​ម្នាក់ ដកស្រង់សម្តីដោយសារព័ត៌មាន Fox News នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមប្រភពខាងលើ លោក ដូណាល់ ត្រាំ នឹងប្រកាសថា លោកនឹងប្រើប្រាស់អំណាចប្រតិបត្តិ ដើម្បីប្រមូលមូលនិធិពី​ស្ថាប័នចម្រុះរបស់រដ្ឋាភិបាល ដើម្បីរួមគ្នាជួយផ្តល់លុយសម្រាប់ការសាងសង់ ជញ្ជាំងនៅតាមព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដោយ​ក្នុង​នោះរួមមានទាំងការប្រកាសភាពអាសន្នផ្នែកសន្តិសុខផងដែរ។

សម្រាប់ទំហំទឹក​លុយត្រូវបានមន្រ្តីសេតវិមាន​ដដែលអះអាងថា នឹងមានចំនួនខ្ទង់ ០៨ពាន់លានដុល្លារ ប៉ុន្តែពុំមន្រ្តី​រូបនោះ​ពុំ​បាន​បញ្ជាក់ថវិកា​ដ៏ច្រើនសម្បើមនេះ នឹងបានមកពីស្ថាប័ន ឬប្រភពណាខ្លះ ឬក៏ថា តើសកម្មភាពនៃបញ្ជា​ប្រតិបត្តិរបស់សេតវិមាន​​ដែល លោក ត្រាំ នឹងប្រកាស​ចេញនេះ​ នឹងត្រូវទទួលរង​ការតតាំងនៅក្នុងតុលាការ​ដែរ ឬយ៉ាងណាឡើយ ព្រោះថាគណបក្ស​​ប្រជាធិបតេយ្យ​​ទំនងជានឹងបណ្តោយ​ឲ្យវា ដំណើរការទៅយ៉ាង​រលូននោះ​ឡើយ។

គួរជម្រាបថា ​នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ សភាទាំងពីរ​របស់​អាមេរិក​បានបោះឆ្នោត​អនុម័ត​កញ្ចប់ថវិកាសហព័ន្ធ ​ដែលសំដៅ​បញ្ចៀសការបិទទ្វារ​រដ្ឋាភិបាលរហូតដល់​ចុងខែកញ្ញា ហើយក្នុងនោះ​មានការផ្ដល់ថវិកា ១.៣៧ពាន់លានដុល្លារដល់ គម្រោង​ពង្រឹងសន្តិសុខ​ព្រំដែនរបស់​លោក ដូណាល់ ត្រាំ ដោយ​រួមមានទាំង​ការ​​សាង​សង់​របង​​ព្រំដែន​បន្ថែម​ជាមួយ​ផ្នែក​ខ្លះ​​នៃ​តំបន់​ព្រំដែន​​ជាប់​​​ប្រទេស​​ម៉ិចស៊ីកូ​ ក៏ប៉ុន្តែ​វាមិនមែនជា​កញ្ចប់ថវិកា ៥.៧ពាន់លានដុល្លារ​ដែលលោក ត្រាំ ចង់បាន​នោះ​ឡើយ៕