(ប៉ារីស)៖ ក្នុងឱកាសទិវា​នៃក្តីស្រឡាញ់ ដែលជាបុណ្យ​ពេញនិយម​មួយនៅទ្វីបអឺរ៉ុបនោះ ទីភ្នាក់ងារអវកាស​អឺរ៉ុប ESA បានបញ្ចេញរូបភាព​នៃកោះមួយឈ្មោះថា មូរៀ (Moorea) ដែល​មាន​រាង​ដូចបេះដូង​ក្នុងដែនដីប្រជុំកោះ ប៉ូលីណេស៊ី-បារាំង (French Polynesia) កម្មសិទ្ធិរបស់ប្រទេសបារាំង នៅ​ភាគខាងត្បូង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ប៉ុន្តែវាក៏ជាសញ្ញា​គួរឲ្យព្រួយបារម្ភ ​នៃបញ្ហាបម្រែប្រួលអាកាសធាតុ​ពិភពលោក​ផងដែរ។ នេះបើតាមការដក​ស្រង់ការផ្សាយ​ចេញពី​វែបសាយ Space នៅព្រឹក​ថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

រូបភាពនេះថត​បានដោយ​ផ្កាយរណប Copernicus Sentinel-2 របស់ទីភ្នាក់ងារ​អវកាស ESA ដែលស្ថិតក្នុង​បណ្តាញនៃប្រព័ន្ធ​​ផ្កាយរណប​អង្កេតការណ៍ ដែលបាញ់ព័ត៌មាន​ត្រឡប់មក​ផ្ទៃផែនដី អំពីស្ថានភាព​នៃបញ្ហាបម្រែបម្រួល​អាកាសធាតុ និងថាតើ​ប្រព័ន្ធជីវចម្រុះនៅ​តាមតំបន់នីមួយៗ ប្រតិកម្មបែបណា​ទៅនឹង​ការ​ប្រែប្រួលនេះ។

បើតាម ESA ការដែលរូបភាព​បង្ហាញរុក្ខជាតិនៅលើកោះ​ទៅជាពណ៌ក្រហមឆ្អៅ​បែបនេះ បានបង្ហាញឲ្យ​ឃើញថា Moorea កោះឋានសួគ៌​ដែលគូស្នេហ៍​មួយចំនួន​លើពិភពលោក ប្រាថ្នាទៅ​លេងឲ្យបានក្នុងមួយ​ជីវិតនោះ គឺជា​ជម្រកនៃប្រព័ន្ធ​ជីវចម្រុះយ៉ាង​សម្បូរបែប ប៉ុន្តែដោយសារតែមនុស្ស​ដែល​បានរស់​នៅលើកោះ​នេះ​អស់រយៈពេល ​​១,២០០ឆ្នាំ​មកហើយ​ កំពុងតែបន្ត​ធ្វើឲ្យរុក្ខជាតិទីនោះ​មានការ​ប្រែប្រួល។

ដោយឡែកសម្រាប់​ផ្នែកដែលនៅព័ទ្ធជុំវិញវិញ​កោះកោះ មើលទៅនៅ​មានសភាពល្អ​ជាធម្មតា។ ផ្នែកទាំងនោះ​គឺជាថ្មប៉ប្រះទឹក​ ប៉ុន្តែ​បើតាម ESA គឺមិនខុសពី​​ថ្មប៉ប្រះទឹកទាំងអស់​នៅលើផែនដី ពួកវាកំពុងតែ​ប្រឈមមុខ​នឹងគ្រោះថ្នាក់ ពីសំរាមប្លាស្ទិច ការ​នេសាទ និងលំហូរ​នៃថ្នាំ​សម្លាប់សត្វចង្រៃ​​ដែលមកពីវិស័យ​កសិកម្ម។ ជារួមរាល់ថ្ម​ប៉ប្រះទឹកនានានៅជុំវិញ​ពិភពលោក កំពុង​តែ​ឆ្ពោះ​ទៅរកសេចក្តីវិនាស​ហិនហោច ដោយសារតែ​ការកើនឡើងនៃសីតុណ្ហភាព​សកល ដែលជាប់ពាក់ព័ន្ធ​នឹងការធ្វើ​ឲ្យ​មហា​សមុទ្រកើនឡើង​ជាតិអាស៊ីដជាដើម៕