(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក ចន បូលតុន (John Bolton) បានព្រមាន​បណ្ដាប្រទេស និងក្រុមហ៊ុន​ទាំងអស់​នៅល​ពិភពលោក​កុំឱ្យទិញប្រេងពីប្រទេស​វេណេស៊ុយអេឡា បន្ទាប់ពីប្រជាជាតិ​អាមេរិកឡាទីនមួយនេះ​​បង្ហាញពីបំណង​លក់ប្រេងបន្ថែម​ឱ្យឥណ្ឌា។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ការព្រមាន​របស់លោក Bolton នៅលើសារមួយ​បង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។ លោក Bolton បានលើក​ឡើង​យ៉ាង​ដូច្នេះថា «ប្រជាជាតិ និងក្រុមហ៊ុន​ទាំងអស់នៅលើពិភពលោក​ដែលទិញប្រេង ឬធនធានធម្មជាតិ​ដែល (លោក) ម៉ាឌូរ៉ូ លួចពី​វេណេស៊ុយអេឡា នោះយើងនឹង​កត់ចំណាំទុក... ហើយសហរដ្ឋអាមេរិក​នឹងបន្តប្រើប្រាស់​រាល់អំណាចរបស់ខ្លួ​ន​ ដើម្បីការពារ​ទ្រព្យសម្បត្តិ​ប្រជាជន​វេណេស៊ុយអេឡា ព្រមទាំងជម្រុញ​ឱ្យប្រជាជាតិ​ទាំងអស់​ រួមគ្នាធ្វើការងារ​នេះជាមួយ​ពួក​យើង»

គួរបញ្ជាក់ថា កាលពីខែមករា​កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា ទីក្រុងញូដេលី​នឹងក្លាយជាអ្នកទិញ​ប្រេងពី​​វេណេស៊ុយអេឡា​ដ៏ធំបំផុត ខណៈឥណ្ឌា​កំពុងរក្សាការទិញប្រេង​ច្រើនជាង ៤០០,០០០បារ៉ែល​ក្នុងមួយថ្ងៃ​ ពីប្រជាជាតិអាមេរិក ឡាទីនមួយនេះ។ ទោះបីជា​បែបនេះក្តី ការព្រមាន​របស់សហរដ្ឋអាមេរិក​នេះ គឺមិនបាន​បង្ហាញ​ពីចំណាត់ការ​ដែលខ្លួនត្រូវធ្វើ ក្នុងករណី​ដែល​ក្រុមហ៊ុន​បរទេស​ណាមួយ ហ៊ាន​ទិញ​ប្រេងពី​វេណេស៊ុយអេឡា​នោះ​ឡើយ៕