(ទូលួស)៖ សម្រាប់អ្នក​ដំណើរនានា Airubs A380 ប្រៀបដីដូចជា​ឋានសួគ៌លើអាកាស​ ដែលផ្តល់ផាសុខភាព​បំផុតដល់អ្នកដំណើរ បើធៀបនឹង​យន្តហោះខ្នាធំ និងមធ្យមផ្សេង​ទៀត ប៉ុន្តែសម្រាប់​ក្រុមហ៊ុនអឺរ៉ុបដែលផលិតយន្តហោះ​ខ្នាតយក្សប្រភេទនេះវិញ វាហាក់​ដូចជា​គ្មានភាពចាំបាច់ និងពិបាករកអតិថិជន​ជាវយកទៅបម្រើសេវាហោះ​ហើរបំផុត ដូច្នេះ​ជម្រើស​ចុងក្រោយ គឺមានការបញ្ឈប់​ផលិតកម្មយន្តហោះ​ប្រភេទនេះ​តែម្តង។ នេះបើតាម​ការចេញ​ផ្សាយដោយ Washington Post ដែលត្រូវបាន​ដកស្រង់នៅព្រឹក​ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ថម អេនដឺស៍ (Tom Enders) នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Airbus នៅប្រទេសបារាំង​​បានបញ្ជាក់​ដោយឥតលាក់លៀម និងក្នុងទឹក​មុខ​ស្រពាប់​ស្រពោន​ថា «យន្តហោះ Airbus A380 គឺធំជ្រុលពេកនាំឲ្យពិបាកលក់។ វាគឺជាផលិតផលដែល​មិនត្រឹមត្រូវ ​និងកើតឡើងខុសពេល...»។ សម្រាប់ A380 គឺអាចផ្ទុក​មនុស្សបាន ៨០០នាក់ ដែលចំនួន​ពិត​ជាពិបាករកអតិថិជន​​មកជិះឲ្យពេញ​ណាស់ ខណៈ​ក្រុមហ៊ុន​​មួយ​ចំនួនតូច ដែលបានទិញ​វា​យកទៅបម្រើ​សេវាកម្ម ក៏បានពើប​ប្រទះបញ្ហានេះ​រួចទៅ​ហើយ និង​គ្រោងផ្អាក​សេវាកម្មយន្តហោះ​នេះ​ផងដែរ។

គួរបញ្ជាក់ថា យន្តហោះ Airbus A380 ត្រូវបានបញ្ចប់​​ការធ្វើតេស្តសាកល្បង ដោយក្រុមហ៊ុន​កាលពី ១៤ឆ្នាំមុន ហើយបន្តបន្ទាប់មកវាត្រូវបាន​ទទួលការ​បញ្ជាទិញ ពីក្រុមហ៊ុនល្បីៗល្បាញមួ​យចំនួនទូទាំង​សកលលោក ដូចជាអាកាសចរណ៍អេមីរ៉ាត់​ជាដើម ខណៈ​បើគិតទៅដល់ការបញ្ជាទិញចុងក្រោយ​រហូតដល់ឆ្នាំ២០២១នោះ យន្តហោះនេះ​ត្រូវបានផលិត​តែ ១៧គ្រឿងប៉ុណ្ណោះ ដែលនេះជាចំនួន​តិចខ្លាំងបំផុតបើ​ធៀបទៅនឹង​ម៉ូដែលផ្សេង​ទៀតរបស់ Airbus ឬក៏ក្រុមហ៊ុន​ជាដៃគូប្រយុទ្ធ​របស់ខ្លួនដូចជា Boeing៕