(ហាណូយ)៖ ព្រឹត្តិការណ៍អន្តរជាតិធំមួយនៃការបង្ហោះបាឡុងខ្យល់ បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍នេះ ក្នុងខេត្ត Lai Chau ភាគខាងជើងប្រទេសវៀតណាម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងអំឡុងព្រឹត្តិការណ៍រយៈពេល០៣ថ្ងៃ ដែលធ្វើឡើងក្រោមប្រធានបទ «ទិវានៃក្តីស្រឡាញ់» នេះ ភ្ញៀវទេសចរវៀតណាមផ្ទាល់​​ក៏ដូចជាទេសចរមកពីបរទេស ទទួលបានឱកាសដើម្បីជិះកម្សាន្តក្នុងបាឡុងធំៗរំលេចជាមួយពណ៌ចម្រុះ ដែលបញ្ជាដោយ​ក្រុម​​​ចំនួន០៥ មកពីជប៉ុន ថៃ និងវៀតណាម។

គួរជម្រាបថា កាលពីឆ្នាំទៅមិញ ​ខេត្ត Lai Chau របស់វៀតណាម ទទួលបានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបជិត​ប្រមាណ​​៣០០,០០០នាក់ ហើយរកចំណូលពីវិស័យទេសចរណ៍​បានជាង៤៥០ពាន់លានដុង ដែលជិតស្មើនឹង២០លានដុល្លារអាមេរិក៕