(ការ៉ាកាស់)៖ សារព័ត៌មាន​អាមេរិក Wall Street Journal កាលពីពេលថ្មីៗនេះបាន​រាយការណ៍ថា ក្រុមមន្ត្រី​បក្សប្រឆាំង​​វេណេស៊យអេឡា បានជួបពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​រដ្ឋាភិបាលចិន ប៉ុន្តែព័ត៌មាន​នេះត្រូវបានក្រសួង​ការបរទេសចិន​ ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ ភ្លាមៗជា​មួយការអះអាង​ថា «វាគឺជារឿងមិនពិត»។ នេះបើតាម​ការចេញ​ផ្សាយដោយ Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

ជុំវិញបញ្ហានេះដែរ អ្នកជំនាញផ្នែក​កិច្ចការអន្តរជាតិ លោក អៃ សាន អូ (Ei Sun Oh) មកពីវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិក្នុងប្រទេសសិង្ហបុរីយល់ថា ប្រទេស​ចិនមិនងាយ​លែងដៃរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ឡើយព្រោះទីក្រុងការ៉ាកាស់​ នៅជំពាក់បំណុល​ចិនរាប់ពាន់​លានដុល្លារ ហើយរដ្ឋាភិបាល​នៃប្រទេសទាំង ២ ក៏មានទំនាក់ទំនង​យុទ្ធសាស្ត្រ​ល្អជាមួយគ្នាឈរលើ​ផលប្រយោជន៍​ទាំងសងខាង ដើម្បីប្រឆាំងនឹងឥទ្ធិពល​របស់​សហរដ្ឋអាមេរិក​ផ្តាច់មុខ នៅក្នុងតំបន់អាមេរិកឡាទីនផងដែរ។

លោក Sun Oh បន្តទៀតថា មានតែចិនតែមួយគត់​ដែលលោកមើលឃើញថា ហ៊ានចំណាយ​លុយពាន់លានយក​ទៅវិនិយោគនៅក្នុងប្រទេស​វេណេស៊ុយអេឡា ខណៈសហរដ្ឋអាមេរិក​ប្រឹងដាក់ទណ្ឌកម្មប្រឆាំង​នឹងរបបដឹកនាំ​លោក ម៉ាឌូរ៉ូ ដើម្បីដកវេណេស៊ុយអេឡាចេញ​ពីឥទ្ធិពលចិន និងរុស្ស៊ី ព្រោះប្រទេស​អាមេរិកឡាទីន​មួយ​នេះ ជាប្រទេស​សម្បូរប្រេង​បំផុត​មួយ​នៅលើពិភពលោក ប៉ុន្តែមានទំនោរប្រឆាំង​សហរដ្ឋ​អាមេរិក​តាំងតែពី​សម័យលោក ហ៊ូហ្គោ ឆាវែស នៅកាន់​អំណាច​ម្ល៉េះ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយមុខវិបត្តិផ្ទុះឡើងកាន់តែខ្លាំង រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានបង្កើន​ទំនាក់ទំនង​​យ៉ាង​ខ្លាំងជាមួយនឹង​ប្រទេសចិន ដើម្បីទប់ទល់​នឹងវិបត្តិសេដ្ឋកិច្ច​របស់ខ្លួន ដែលរងគ្រោះដោយទណ្ឌកម្ម ប៉ុន្តែ​ដោយសារតែ​ទំនោរទៅរកចិន និងរុស្ស៊ីកាន់តែខ្លាំងនេះហើយ ទើប​បណ្តា​ប្រទេសលោក​​ខាងលិច ជាពិសេស​អាមេរិក បានបញ្ចេញចំណាត់ការ​នានាជាច្រើនក្នុងន័យរារាំង ក្នុងនោះ​មានទាំង​ការជួយ​ជ្រោមជ្រែង​ដល់បក្សប្រឆាំង និងការកៀរគរសម្ព័ន្ធមិត្តខ្លួនរិះគន់លើរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ដែលកំពុង​​កាន់អំណាចថា កំពុងរំលោភសិទ្ធិមនុស្ស និងបង្កឲ្យ​វិបត្តិទុរភិក្សនៅវេណេស៊ុយអេឡា​ ​កាន់តែធ្ងន់ធ្ងរឡើងជាដើម៕