(ញូយ៉ក)៖ គោលនយោបាយ​អាមេរិកនៅក្នុង​តំបន់អាស៊ី បាននិងកំពុង​វិវត្តន៍ពីភាពអាក្រក់​ទៅជាអាក្រក់បំផុត ​ដោយសារតែ​នយោបាយ​តម្កល់​ផលប្រយោជន៍ជាតិអាមេរិក​ជាធំ របស់លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាម​​លោកស្រី សីឡា ស្មីត (Sheila A Smith​) ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកស្រី Sheila A Smith ជាអ្នកជំនាញ​វិទ្យាសាស្ត្រនយោបាយ​អន្តរជាតិម្នាក់ បានបន្ថែមទៀតថា កាលពីឆ្នាំ២០១៨ រដ្ឋបាល​លោក ដូណាល់ ត្រាំ បានធ្វើឱ្យបណ្ដា​ប្រទេសមួយចំនួន​នៅក្នុងតំបន់អាស៊ី​ មានការ​ព្រួយបារម្ភ​ជាខ្លាំង ជុំវិញសង្រ្គាម​ពាណិជ្ជកម្មរវាង អាមេរិក និងចិន ដែលនៅតែមិន​ទាន់បញ្ចប់ទាំងស្រុង​មកទល់នឹងពេល​បច្ចុប្បន្ន។ ការព្រួយបារម្ភ​របស់បណ្ដាប្រទេស​អាស៊ីនោះ គឺខ្លាចក្រែង​សហរដ្ឋអាមេរិក​អូសទាញពួកគេ​ ចូលប្រឡាក់ប្រឡូកក្នុង​សង្រ្គាមពាណិជ្ជកម្ម​នេះដែរ។

លើសពីនេះទៅទៀត តាមរយៈគំនិតតម្កល់ផលប្រយោជន៍អាមេរិក​ជាធំ លោក ត្រាំ ថែមទាំងបាន​ប្រកាសជាសាធារណ​ ឱ្យបណ្ដាប្រទេសដទៃ​ទិញទំនិញបន្ថែមពី​សហរដ្ឋអាមេរិក ដើម្បីកាត់​បន្ថយឱនភាព​ពាណិជ្ជកម្ម ព្រមទាំងផ្លាស់ប្ដូរ​គោលនយោបាយជាច្រើន​ ចំពោះតំបន់អាស៊ី​ក្នុងនោះរួមមាន​ទាំងការកាត់​បន្ថយការ​ផ្ដល់ដល់ប្រទេស​ ដែលមិនមែន​ជាសម្ព័ន្ធមិត្ត​អាមេរិកទៀតផង។

គួរបញ្ជាក់ថា បើតាម​លោកស្រី Sheila A Smith ប្រទេសក្នុងតំបន់​អាស៊ីខ្លះ បាត់បង់ជំនឿចិត្ត​លើអាមេរិក គឺដោយសារតែ​ទីក្រុងវ៉ាស៊ីនតោន​ខ្លួនឯងតែងតែអូសទាញ​ឱ្យមិត្ត និងសម្ព័ន្ធមិត្តធ្លាក់ចូល​ក្នុងបញ្ហាផ្ទាល់​ខ្លួន តាមរយៈការ​ដាក់សម្ពាធ ឬទទូចឱ្យ​ប្រទេសដទៃដើរតាម​នយោបាយ​របស់ខ្លួន ជាឧទាហរណ៍​ដូចជាការដាក់ទណ្ឌកម្ម​លើកូរ៉េខាងជើង​ជាដើម៕