(គូឡាឡាំពួ)៖ មួយឆ្នាំក្រោយ​ការស្លាប់របស់ស្រ្តីជាអ្នក​បម្រើតាមផ្ទះ ជនជាតិ​ឥណ្ឌូណេស៊ី​​ម្នាក់ ដែលត្រូវម្ចាស់​ខ្លួនបង្ខំឲ្យ​ដេកនៅ​​​ទីធ្លា​ខាងក្រៅជាមួយសត្វឆ្កែ ម្តាយរបស់​នាងបាន​ចេញមុខប្រកូកប្រកាស​ទាមទាររកយុត្តិធម៌​ឲ្យកូនស្រីរបស់ខ្លួន ​ស្របពេល​ដែល​សំណុំរឿង​ហាក់មានសភាពស្ងប់ស្ងាត់​នៅក្នុងតុលាការ​ម៉ាឡេស៊ី។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

​ការស្លាប់របស់​នាង អាដេលីណា លីសៅ (Adelina Lisao) បានបង្កឲ្យមហាជន​ផ្ទុះកំហឹងជាខ្លាំង ខណៈម្ចាស់ផ្ទះដែល​នាងបម្រើការងារ គឺ​​ម្តាយនិង​កូនស្រី​​ម្នាក់ ត្រូវបានតុលាការ​ម៉ាឡេស៊ីចោទប្រកាន់ពីបទ​មនុស្សឃាត និងពីបទជួល​ជនបរទេសដោយពុំមានឯកសារ​ត្រឹម​ត្រូវតាម​ច្បាប់។ ក៏ប៉ុន្តែមក​ទល់បច្ចុប្បន្ន សំណុំរឿងនេះ​ហាក់ដូចជាមិន​ទៅមុខទៀត​សោះ។

ហេតុដូចនេះ​ម្តាយរបស់នាង ​ក៏​បាន​ចេញមុខ​ជាថ្មីម្តងទៀត ដើម្បីអំពាវនាវ​ឲ្យ​តុលាការ​ម៉ាឡេស៊ី​ស្វែង​រក​​យុត្តិធម៌​ជូនកូនស្រីគាត់​​ឲ្យបានឆាប់ នាឱកាសខួប​​មរណភាពរបស់នាង Lisao។ ស្រ្តីជាម្តាយ​ដែលមានឈ្មោះ យូហាណា បាណាន់អេក (Yohana Banunaek) បានលើក​ឡើង​ថា ​​កូនស្រីគាត់មិនមែនស្លាប់​ដោយជំងឺឈឺ​ថ្កាត់ឡើយ តែដោយសារ​នាងបានរងទារុណកម្ម​ដ៏អាក្រក់។

នាង Lisao ដែលមានវ័យខ្ទង់ ២០ឆ្នាំ ត្រូវបានគេជួយ​សង្រ្គោះចេញផ្ទះ​ម្ចាស់របស់នាង ដែលស្ថិតក្នុងរដ្ឋ ផេណាង (Penang) ភាគខាងជើង​​ម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីអ្នកក្បែរខាងបានរាយការណ៍​ថា នាងបានដេកនៅ​ក្បែរសត្វឆ្កែ ក្នុង​​កន្លែង​ចត​រថយន្ត​មួយកន្លែងជាប់នឹង​ផ្ទះនោះជាច្រើនថ្ងៃមកហើយ។ អ្នកបម្រើដ៏​អភ័ព្វម្នាក់នេះ ត្រូវគេរកឃើញថា មានស្នាមរបួស​ពេញមុខ ហើយ​ក៏​បាន​លាចាកលោកនៅ​ថ្ងៃបន្ទាប់។

ករណីស្លាប់របស់នាង Lisao គឺស្ថិតក្នុងចំណោម​ករណី​មួយចំនួនទៀតនៃអំពើ​ហិង្សាលើ​ជនអន្តោប្រវេសន៍ នៅក្នុងប្រទេស​ម៉ាឡេស៊ី ដែលមានការពឹងផ្អែក​ខ្លាំង​លើ​ពលករបរទេស នៅក្នុងវិស័យ​ចម្រុះចាប់តាំងពីផលិតកម្ម​រហូតដល់ស្រែចម្ការ និង​ការងារ​​នៅតាម​ផ្ទះ​។

តាមរបាយការណ៍ជាផ្លូវការ ​ម៉ាឡេស៊ីមានពលករចំណាកស្រុកពី​បរទេសជិត ០២លាននាក់ ទោះបីមានការ​ប៉ាន់ស្មានថា អាចមានខ្ទង់​លាននាក់​ដែលធ្វើការដោយ​ខុសច្បាប់នៅ​ក្នុងប្រទេស​អាស៊ានមួយនេះ ហើយជាច្រើននាក់ក្នុងចំណោមនោះ​បានធ្លាក់ខ្លួនជា​ជនរង​គ្រោះ​នៃអំពើជួញដូរ​មនុស្ស ក្រោមការសន្យាថា​នឹងបានប្រាក់​កម្រៃខ្ពស់។​

គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា ដែលជាប្រភព​សំខាន់នៃការផ្តល់ពលករ​មកម៉ាឡេស៊ីនោះ កន្លងមកធ្លាប់បាន​ចេញបម្រាម​ជាបណ្តោះអាសន្ន មិនឲ្យប្រជាជនខ្លួន​ទៅរកការងារធ្វើនៅម៉ាឡេស៊ី​ជាអ្នកបម្រើតាមផ្ទះ​ឡើយ ក្រោយពីមាន​ករណីអំពើហិង្សា​ជាបន្តបន្ទាប់៕