(ប៉ាពួញូហ្គីណេ)៖ ទីបំផុត​អាជ្ញាធរប៉ាពួញូហ្គីណេ (Papua New Guinea) បានរកឃើញ​រថយន្ដផលិត​ដោយក្រុមហ៊ុន Maserati ចំនួន ៤០គ្រឿង ដែលបាន​បាត់យ៉ាង​អាថ៌កំបាំង បន្ទាប់ពីបាន​ទិញសម្រាប់ដឹកមេដឹកនាំ​អន្តរជាតិ នាឱកាសរៀបចំ​កិច្ចប្រជុំ APEC កាលពី​ពេលថ្មីនេះនោះហើយ។ នេះបើតាមរបាយការណ៍មួយរបស់រដ្ឋាភិបាល ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមរបាយការណ៍​របស់រដ្ឋាភិបាល​ប៉ាពួ​ញូហ្គីណេ រថយន្ដម៉ាក ក្វាតត្រូផតតេ (Quattroporte) ដែលទិញ​ពីក្រុមហ៊ុន ម៉ាស៊ែរ៉ាទី (Maserati) មានតម្លៃក្នុង មួយគ្រឿង ១៣៥,០០០ដុល្លារ ត្រូវបានគេរកឃើញ​នៅឯកំពង់ផែមួយ​នៃរដ្ឋធានី ផតម៉ូរែសបាយ (Port Moresby) ប៉ុន្តែរថយន្ដមួយ​ចំនួនទៀត​នៅតែ មិនទាន់រកឃើញ​នៅឡើយទេ។

លើសពីនេះ​ទៅទៀត របាយការណ៍​ដដែលក៏បានឱ្យ​ដឹងដែរថា ប៉ូលិសបាន​ទទួល​ព័ត៌មានជនណាមិក ម្នាក់ដែលបាន​ប្រាប់ថា មានរថយន្ដជាង ១,៥០០គ្រឿង ត្រូវបានទិញ ឬផ្ដល់ជាអំណោយ​សម្រាប់ដឹកមេដឹកនាំ​អន្តរជាតិនាឱកាស​នៃកិច្ចប្រជុំ APEC កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះទៀតផង។

គួរជម្រាបថា មូលហេតុបាត់​រថយន្ដខាងលើ មិន​ទាន់មានការបញ្ជាក់​ឱ្យច្បាស់ណាមួយ​នៅឡើយទេ ខណៈក្រុមអ្នករិះគន់​បានជម្រុញ​ឱ្យ​មានការប្រើប្រាស់ កញ្ចប់ថវិកាជាតិ​ឱ្យមានតម្លាភាពនៅលើប្រទេសដីកោះ ស្ថិតនៅភាគនិរតី​មហាសមុទ្រប៉ាស៊ីហ្វិក​មួយនេះ៕