(ណៃរ៉ូប៊ី)៖ ពាក្យចចាមអារ៉ាមពីការប្រទះឃើញ​សត្វខ្លារខិនពណ៌ខ្មៅ​ បានលេចឡើងតាំងយូរមកហើយ នៅតំបន់ភាគ​កណ្តាល​ប្រទេស​កេនយ៉ា ប៉ុន្តែពេលនេះ​ក្រុមអ្នកវិទ្យាសាស្រ្តបាន​ទទួលស្គាល់ វត្តមាន​របស់ពួកវា​នៅទីនោះ ជាមួយរូបភាព​កម្រ​ជាច្រើន​​សន្លឹក។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

រូបភាពទាំង​អស់នេះ ត្រូវបានផ្តិតយក​បានដោយ​ក្រុមអ្នក​ស្រាវជ្រាវ ដែលបានសិក្សា​លើសត្វខ្លារខិន នៅតំបន់អភិរក្ស​សត្វព្រៃ ឡូអ៊ីសាបា (Loisaba) ព្រមទាំងអ្នក​ជំនាញថតរូបឯករាជ្យ​ម្នាក់ទៀត ដែលធ្វើការងារ​នៅក្នុង​តំបន់នេះ ស្របពេល​ជាមួយគ្នា។ សត្វខ្លារខិន​​​សម្បុរខ្មៅ​បែបនេះ ត្រូវអ្នកវិទ្យាសាស្រ្ត​ហៅថា មេឡានីស្ទីច លីអូផាដ (Melanistic Leopard​) និងត្រូវគេស្គាល់​ជាទូទៅថា ខ្លារខិនខ្មៅ (Black Panther)។ ពួកសត្វ​ខ្លា​រខិន​​ទាំងនេះ​មានហ្សែនខុស​ប្រក្រតីហៅថា Melanism ដែលធ្វើឲ្យ​រោម ឬក៏ស្បែករបស់ពួកវា​ទៅជា​​ពណ៌ខ្មៅ ដែលនេះ​គឺផ្ទុយ​ពី​ជំងឺស្បែក​ភឿក ឬឃ្លៀច (Albinism)។

ម៉្យាងវិញទៀត នេះក៏ជាការ​ទទួលស្គាល់​តាមបែបវិទ្យាសាស្រ្ត​ ចំពោះវត្តមាន​របស់សត្វខ្លា Black Panther នៅតំបន់អាហ្វ្រិក​​ជាលើកដំបូងផងដែរ ក្នុងអំឡុងពេល​មួយសតវត្សរ៍កន្លង​ទៅនេះ ខណៈការទទួល​ស្គាល់លើកចុងក្រោយ គឺជារូបភាព​មួយ​សន្លឹកថតកាលពី​ឆ្នាំ១៩០៩ នៅទីក្រុង អេដឌីស អាបាបា (Addis Ababa) នៃប្រទេសអេត្យូពី និងកំពុងត្រូវរក្សា​ទុកក្នុង​សារមន្ទីរ​ប្រវត្តិសាស្រ្ត​ជាតិ​​​​ នៅ​សហរដ្ឋអាមេរិក។

គួរជម្រាបថា សត្វខ្លានានា​ដែលមាន Melanism សុទ្ធតែត្រូវគេ​ហៅថា Black Planther រួមមានដូចជា Black Leopard នៅអាស៊ី​ និងអាហ្វ្រិក និងសត្វប្រភេទ Black Jaguars នៅតំបន់អាមេរិក។ ពពួកខ្លារខិន​ពណ៌ខ្មៅ ត្រូវគេប្រទះឃើញ​ច្រើននៅឯតំបន់​អាស៊ី​​​អាគ្នេយ៍ ប៉ុន្តែចំណេះដឹង​ទាក់ទិននឹងវត្តមានរបស់​ពួកវានៅតំបន់អាហ្រ្វិក នៅមានកម្រិត​ទាបខ្លាំង។ ​អ្នកវិទ្យាសាស្រ្ត​​បាន​អះអាង​ថា ត្រឹម​តែ ១១ភាគរយ​នៃសត្វខ្លារខិន​ប៉ុណ្ណោះនៅជុំវិញ​ពិភពលោក ដែលមាន​សម្បុរខ្មៅប្លែក​បែបនេះ៕