(វ៉ាស៊ីនតោន)៖ ខណៈស្ថានការណ៍​នយោបាយ និងមនុស្សជាតិ​នៅ​វេណេស៊ុយអេឡា កាន់តែធ្លាក់​ចុះដុនដាបពីមួយថ្ងៃទៅ​មួយ​ថ្ងៃ ​មេបក្សប្រឆាំង​វេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) បានជួល​ក្រុមហ៊ុន​​​មេធាវី​អាមេរិក ដើម្បីជួយខ្លួន​ឲ្យទទួលបាន​ការ​គាំទ្រកាន់​តែខ្លាំងថែមទៀតពី​សហរដ្ឋអាមេរិក។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មាន​រុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Juan Guaido បានប្រកាស​តែងតាំងខ្លួនឯងជាប្រធានាធិបតី​ស្តីពីនៃ​ប្រទេស​វេណេស៊ុយអេឡា​កាលពីថ្ងៃទី២៣ ខែមករា និងចាត់ទុក​ប្រធានាធិបតី​លោក នីកូឡាស់ ម៉ាឌូរ៉ូ ជាមេដឹកនាំ​​មិន​ស្របច្បាប់។ លោក Guaido ត្រូវបាន​ទទួលស្គាល់ជា​មេដឹកនាំ​របស់​វេណេស៊ុយអេឡាបណ្តោះអាសន្ន ដោយ​សហរដ្ឋអាមេរិក កាណាដា ប្រទេសភាគច្រើន​នៅភាគខាងត្បូង និងកណ្តាល​​ទ្វីបអាមេរិក ព្រមទាំង​ប្រទេសមួយ​ចំនួនទៀត​នៅអឺរ៉ុប។ ប៉ុន្តែ​លោក ម៉ាឌូរ៉ូ មិនព្រមចុះចេញពី​តំណែងដោយងាយៗ​ឡើយ ខណៈដែលលោក​នៅ​បន្ត​​​ទទួល​បានការគាំទ្រ​ពី​សម្ព័ន្ធមិត្តធំៗ​របស់ខ្លួន​ដូចជា រុស្ស៊ី និងចិន ក៏ដូចជាកម្លាំង​យោធាវេណេស៊ុយអេឡា​ផ្ទាល់។

ខណៈ​បច្ចុប្បន្នកំពុង​ប្រឈមមុខគ្នាជាមួយលោក ម៉ាឌូរ៉ូ ជុំវិញបញ្ហា​ជំនួយ​មនុស្សធម៌​ ដែលត្រូវនាំចូល​ទៅកាន់​​វេណេស៊ុយអេឡា លោក Guaido បានព្យាយាម​រិះរកគ្រប់​វិធី​ដើម្បី​បង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងនោះមានទាំងការជួល​បុគ្គល ០២រូប​ ដែលមានម្នាក់​​​ជា​អតីត​​មន្រ្តីជាន់ខ្ពស់ធនាគារ​ពិភពលោក និងម្នាក់ពីក្រុមហ៊ុន​មេធាវី​អន្តរជាតិ អាណុលដ៍ និង ផតធើ (Arnold & Porter) ​ដើម្បីជួយលោក​​ក្នុងការបញ្ចុះបញ្ចូល​​​រដ្ឋាភិ​បាល​អាមេរិក។ ​នេះបើតាម​ឯកសារ​ទាក់​ទង​នឹង​ច្បាប់​​ស្តីពី​ការ​ចុះ​ឈ្មោះ​​នៃ​ភ្នាក់ងារ​តំណាង​​ឲ្យ​​​ផលប្រយោជន៍​បរទេស​ក្នុង​ផ្នែកនយោបាយ។

គួរជម្រាបថា កន្លងមកនេះ​ក្រុមហ៊ុនមេធាវី Arnold & Porter បានតំណាង​ឲ្យ​រដ្ឋាភិបាល​​​របស់ លោក ម៉ាឌូរ៉ូ ពាក់ព័ន្ធបញ្ហា​បំណុល​រដ្ឋាភិបាល ហើយមុនពេល​លោក ម៉ាឌូរ៉ូ ឡើងកាន់អំណាច​នៅឆ្នាំ២០១៣ ​ក្រុមហ៊ុននេះក៏បានតំណាង​ឲ្យ​រដ្ឋាភិបាល​​​របស់អតីត​​មេដឹកនាំ​លោក ហ៊ូហ្គោ ឆាវែស (Hugo Chavez) ផងដែរ៕