(វ៉ាស៊ីនតោន)៖ សារព័ត៌មាន ម៉ៃអាមី ហឺរ៉ាល់ដ៍ (Miami Herald) បានរាយការណ៍ថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នឹងធ្វើសេចក្ដីថ្លែង​ការណ៍​មួយស្ដីពីវិបត្តិក្នុង​ប្រទេស​វេណេស៊ុយអេឡា នៅឯ​សាកលវិទ្យាល័យ​អន្តរជាតិផ្លូរីដា នៃទីក្រុង Miami នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។ នេះបើ​តាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។

សេចក្ដីរាយការណ៍​របស់សារព័ត៌មាន​អាមេរិក Miami Herald ធ្វើឡើងដោយ​ផ្អែកលើប្រភពពីមន្ត្រីសេតវិមាន​ម្នាក់​ ក្នុងលក្ខខណ្ឌ​មិនបញេ្ចញឈ្មោះ។ បន្ថែមពីលើនេះ​មន្ត្រីដដែលបានបញ្ជាក់​ទៀតថា លោក ដូណាល់ ត្រាំ ក៏នឹងបង្កើន​ការដាក់សម្ពាធ​ផងដែរ លើប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ឱ្យចាកចេញ​ពីប្រទេស​ ដើម្បីផ្ទេរអំណាច​ឱ្យមេបក្ស​ប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaido) ដោយសន្តិវិធី។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ​លោក ដូណាល់ ត្រាំ បានជួបពិភាក្សា​ការងារនឹងប្រធានាធិបតី​កូឡុំប៊ី លោក អ៊ីវ៉ាន ឌូកេ ម៉ាគែស (Ivan Duque Marquez) នៅឯសេតវិមាន​ជាមួយការសន្យាថា​ប្រឹងប្រែងធ្វើយ៉ាង​ណាផ្ដល់ជំនួយ​មនុស្សធម៌ ដល់ប្រជាជន​វេណេស៊ុយអេឡា បើទោះជា​មានការ​រារាំងពីរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ យ៉ាងណាក៏ដោយ៕