(តែលអាវីវ)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានឆ្លើយសារភាពថា ​យោធាអ៊ីស្រាអែលពិត​ជាបាន​​បាញ់​​គ្រាប់​​ផ្លោងទៅលើ​ប្រទេសស៊ីរីកាលពីប៉ុន្មានថ្ងៃមុន ហើយលោកបានប្តេជ្ញាថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលចាំបាច់ដើម្បីប្រឆាំងទប់ទល់នឹង​អ៊ីរ៉ង់។ នេះបើ​តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

នាដើមសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា គ្រាប់ផ្លោងរបស់​រថក្រោះអ៊ីស្រាអែលបានធ្លាក់ចំ​លើ​មន្ទីរ​ពេទ្យ​ដែល​ត្រួវ​កម្ទេចចោល ព្រមទាំងប៉ុស្តិ៍អង្កេតការណ៍​មួយកន្លែង ស្ថិតក្នុងខេត្ត Quneitra ភាគខាងត្បូងស៊ីរី​ក្បែរ​ព្រំដែន​​​​​ជាមួយប្រទេសអ៊ីស្រាអែល ប៉ុន្តែពុំមានមនុស្សរងគ្រោះដោយសារការវាយប្រហារនេះឡើយ។

នាថ្ងៃអង្គារសប្តាហ៍នេះ លោក Netanyahu បានទទួលស្គាល់ថា កងកម្លាំងយោធាអ៊ីស្រាអែល (IDF) ពិតជាបានផ្លោងគ្រាប់​លើទឹកដីស៊ីរី។ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាននិយាយដូច្នេះថា «កងទ័ពអ៊ីស្រាអែល ធ្វើប្រតិបត្តិការជារៀង​រាល់​ថ្ងៃ​​រួម​ទាំងម្សិលមិញដើម្បី​ប្រឆាំង​នឹង​អ៊ីរ៉ង់​​ផ្ទាល់ ព្រមទាំងការព្យាយាមរបស់ទីក្រុងតេហេរ៉ង់ សំដៅពង្រឹងឥទ្ធិពលរបស់ខ្លួន​នៅ​ក្នុង​​តំបន់។​

លោក Netanyahu បានបន្តថា «អ៊ីរ៉ង់កំពុងតែគំរាមកំហែងដាក់យើង ដោយអំឡុងខួប៤០ឆ្នាំនៃបដិវត្តន៍របស់ពួកគេ ពួកគេ​​បាន​​ព្រមានកម្ទេច​ទីក្រុង Tel Aviv និង Haifa។ ខ្ញុំនិយាយថាពួកគេនឹងមិនទទួលជោគជ័យឡើយ ហើយបើពួកគេហ៊ាន​វិញ វានឹង​​ជាខួប​អនុស្សាវរីយ៍​លើក​ចុង​ក្រោយ​​ដែល​ពួកគេបានប្រារព្ធឡើង​»

បើតាមការសង្កត់ធ្ងន់របស់លោក Benjamin Netanyahu កម្លាំងយោធាអ៊ីស្រាអែល ប្តេជ្ញាធ្វើអ្វីដែលចាំបាច់ ខណៈដែល​ពួក​គេកំពុង​ធ្វើ​ប្រតិបត្តិ​ការជាប់ជាប្រចាំ ដោយយោងទៅតាមការវាយតម្លៃនិងភាពចាំបាច់របស់អ៊ីស្រាអែល ក្នុងការទប់ស្កាត់អ៊ីរ៉ង់​និង​​សម្ព័ន្ធ​មិត្តរបស់​តេហេរ៉ង់ ពីការបង្កើតមូលដ្ឋាននៅក្បែរព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។

គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីស្រាអែលបានធ្វើសកម្មភាពវាយប្រ​ហារតាមផ្លូវអាកាសជាច្រើនលើកច្រើនសា ​ទៅ​លើ​ទឹកដីស៊ីរី ក្រោមហេតុផលថា ពួកគេមានគោលដៅចំពោះកងកម្លាំង​ក៏ដូចជាមូលដ្ឋានរបស់អ៊ីរ៉ង់និងពួក Hezbollah ដែលត្រូវ​​​​អ៊ីស្រាអែលចាត់ទុកថា ជាការបង្កើនឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ខណៈទីក្រុងតេហេរ៉ង់​បានទទូចថា ខ្លួនបានបញ្ជូនត្រឹមតែ​​​​មន្រ្តីប្រឹក្សាយោធាប៉ុណ្ណោះទៅ​កាន់​ស៊ីរី តបតាមសំណើរបស់រដ្ឋាភិបាលស៊ីរី៕​