(ញូដេលី)៖ អ្នកអភិរក្សបរិស្ថាន​​នៅជុំវិញពិភពលោក​​ មានការចាប់​អារម្មណ៍ជាខ្លាំងក្រោយ​ពីរូបភាពមួយ​សន្លឹករបស់អង្គការ NASA ដែលបាន​ចេញផ្សាយ​កាលពី​ពេលថ្មីៗនេះ បង្ហាញអំពីទិដ្ឋភាព​ប្រទេសចិន និងឥណ្ឌា ដែលមាន​សភាពពណ៌បៃតង​ខុសឆ្ងាយពី​រាប់ទសវត្សរ៍មុន បើទោះបីជាពេលកន្លងនេះ​​មានការរិះគន់​ប្រទេសទាំងពីរថា បាន​បំពុលបរិយាកាស​ផែនដីធ្ងន់ធ្ងរក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន India Times នាល្ងាចថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

រូបភាពរបស់អង្គការ NASA ដែល​អ្នកអភិរក្សមួយ​ចំនួន​អាចនិយាយពាក្យថា «អរគុណ​ចំពោះចិន និងឥណ្ឌា» នោះ​គឺបង្ហាញអំពី​សភាពពណ៌បៃតងនៃដែនអធិបតេយ្យរបស់​ប្រទេសទាំងពីរ ដែលខុសប្លែកពីរូបភាពកាលពីរាប់ទសវត្សរ៍មុន ខណៈដែល​យុទ្ធនាការ​ធ្វើឲ្យផែនដីមាន​ពណ៌បៃតងឡើងវិញនោះ ហាក់ទទួលបានភាពវិជ្ជមាន​នៅចំណុចខ្លះ។ អង្គការ NASA បានអះអាងថា យើងពិតជា​បានជួយឲ្យផែនដីនេះ មើលទៅមានពណ៌បៃតង​ជាងកាលពី ២០ឆ្នាំមុនប្រាកដមែន។

បើតាមសម្តីរបស់អ្នកស្រាវជ្រាវ​មួយរូប នៅសាកលវិទ្យាល័យ Boston សហរដ្ឋ​អាមេរិក​បានឲ្យដឹងថា «ប្រទេសចិន និងឥណ្ឌារួមគ្នា​គឺស្មើនឹង ១ភាគ៣ នៃភាពបៃតងរបស់​សកលលោក...។ វាជាការរកឃើញដ៏ភ្ញាក់​ផ្អើល​បំផុតមួយ ចំពោះប្រទេសទាំងពីរ​ដែលប្រជាជនច្រើនលើសគេ ប៉ុន្តែ​កន្លងមកមានការអះអាងថា ជាប្រទេសដែល​បានបំពុលខ្យល់ខ្លាំង​ជាងគេនោះ...»

គួរបញ្ជាក់ថា គម្របបៃតងថ្មីរបស់ប្រទេសចិនតែឯងនោះ គឺមានការកើនឡើងស្មើនឹង ១ភាគ៣ទៅហើយ​នៃពិភពលោក ដោយសារតែ​ប្រទេសនេះ​មានរុក្ខជាតិ​គ្របដណ្តប់ច្រើន​ជាងមុន ដែលបានមកពី​ដីព្រៃឈើ ៤២ភាគរយ និងដីដំណាំ ៣២ភាគរយ។ ដោយឡែក​ប្រទេសឥណ្ឌាវិញ គំរបបៃតង ៨២រយបានមកពីផ្ទៃដីដំណាំ និង​ ៤.៤ភាគរយប៉ុណ្ណោះ គឺជាគំរបព្រៃឈើ៕