(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA នឹងធ្វើការជជែក​អំពីស្ថានភាព​នៃយានរុករក​របស់ខ្លួន Opportunity Rover ​​​នា​រសៀល​ថ្ងៃពុធសប្តាហ៍ (ពេលវេលា​នៅភាគខាងកើត​សហរដ្ឋអាមេរិក) បន្ទាប់ពីការ​ព្យាយាមទាក់ទងលើកចុងក្រោយ​ទៅកាន់​យាននេះ ដែលកំពុង​ស្ថិតនៅលើ​ផ្ទៃភពអង្គារ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយ Space នៅល្ងាចថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

សន្និសីទ​សារព័ត៌មាន​ខាងលើរបស់ NASA នឹងប្រព្រឹត្តទៅ បន្ទាប់ពីការប៉ុនប៉ង​ជាលើកចុងក្រោយ​​របស់ NASA ​ក្នុងការទាក់ទង​នាយប់ថ្ងៃអង្គារសប្តាហ៍នេះ ជាមួយយាន Opportunity ដែលបាន​បាត់​សំឡេងស្ងាត់ឈឹង ចាប់តាំងពី​​ខែមិថុនា​​ឆ្នាំមុន​ នៅពេល​ព្យុះខ្សាច់ដ៏​ធំសំម្បើមមួយបាន​គ្របដណ្តប់លើ​ភពអង្គារ (Mars)។

យាន Rover ដែលទំហំ​ប៉ុនកូនរថយន្តសម្រា​ប់ជិះនៅលើទីលាន​វាយកូនហ្គោលនេះ បានចុះទៅដល់​លើភពអង្គារ នៅខែមករា ឆ្នាំ២០០៤ ប៉ុន្មានសប្តាហ៍​ក្រោយពីយានភ្លោះ​របស់វា Spirit បានទៅដល់​ទីតាំងខុសគ្នា​នៃភពក្រហមនេះ។ យាន Rover ទាំង​ពីរ​ដែល​ដើរដោយ​ថាមពល​ព្រះអាទិត្យបានចាប់​ផ្តើមបេសកកម្ម​រយៈពេល ៩០ថ្ងៃរបស់ពួកវា​នៅលើផ្ទៃរបស់ Mars ដើម្បីស្វែងរក​ដាននៃសកម្មភាព​ទឹកកាល​ពីអតីតកាល ហើយយាន​ទាំងពីរត្រូវ NASA អះអាងថា ពិតជាទទួលបាន​ជោគ​ជ័យ​ខ្លាំង។

យាន Spirit និង Opportunity បានរកឃើញភស្តុតាង​ជាច្រើន​បង្ហាញថា ភពអង្គារ​ធ្លាប់មាន​កម្តៅគួរសម និងជាភពមាន​ទឹក​កាល​ពីរាប់ពាន់លានឆ្នាំមុន ដែលរំបក​គំហើញទាំងនេះ បានជួយបង្កើន​ការយល់ដឹងរបស់អ្នក​វិទ្យាសាស្រ្ត អំពីដំណើរវិវត្តន៍​ និង​សក្តានុពលនៃការទ្រទ្រង់ជីវិត​របស់​​ភពអង្គារ ខណៈដែល​យានមួយគូនេះ​​ បានបន្តការសិក្សាស្រាវជ្រាវ​ទៅមុខទៀត។

នៅឆ្នាំ២០១១ យាន Opportunity ក៏បានបាត់បង់បង​ភ្លោះរបស់វា នៅពេលអង្គការ ​NASA បានប្រកាសជា​ផ្លូវការថា Spirit បាន​ឈប់ដំណើរ​។ ទោះជាបែប​នេះក្តី Opportunity នៅតែរឹងមាំ​ដដែល រហូតទាល់តែ​ព្យុះខ្សាច់កំណាច​មួយ បានលេចរូបរាងឡើង​​នៅលើភពអង្គារ​កាលពីខែឧសភា ឆ្នាំ២០១៨។ ព្យុះយក្ស​មហិមានេះ បានរាំងខ្ទប់​ពន្លឺព្រះអាទិត្យមិនឲ្យជ្រៀត​ចូលទៅដល់​​យាន Opportunity ជាហេតុធ្វើឲ្យ​វាបាត់សំឡេង​ឈឹង​នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំដដែល ។

ចាប់តាំងពីពេល​នោះរហូតមក ក្រុមការងារបេសកកម្ម​នៃទីភ្នាក់ងារ​អវកាស NASA បានបន្តព្យាយាម​ជាច្រើនខែ ដើម្បី​ដាស់​ឲ្យ​ Opportunity ភ្ញាក់ឡើងវិញ ហើយពួកគេ​ក៏បានផ្ទៀងចាំស្តាប់នូវ​សញ្ញានានា ដែលអាចបាញ់​បញ្ជូនមកពី​វាផងដែរ។ យ៉ាងណា​មិញ សន្និសីទសារព័ត៌មាន​នាថ្ងៃពុធរបស់ NASA ទំនងនឹងជាពិធី​ប្រកាសបុណ្យសព​របស់ Opportunity ព្រោះវាដូចជា​មិនមាន​សង្ឃឹមអ្វីបន្តិច​សោះឡើយថា យាននេះនៅ​អាចដំណើរការ​បាន៕