(អ៊ីស្លាម៉ាបាដ)៖ អ្នកប្រមាញ់​ជនជាតិអាមេរិក​​ម្នាក់បានចំណាយលុយ ​១១០,០០០ដុល្លារ ដើម្បីបាញ់សម្លាប់​​សត្វពពែភ្នំ Astore Markhor ដែលជាពូជ​ដ៏កម្រមួយ នៅក្នុងប្រទេស​ប៉ាគីស្ថាន ខណៈការរិះគន់​កំពុងផ្ទុះ​ឡើយ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន South China Morning Post នៅរសៀល​ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ការបាញ់សម្លាប់​សត្វពពែខាងលើបានកើត​ឡើងនៅតំបន់ ហ្គីលជីតបាលទីស្ថាន (Gilgit-Baltistan) នៃភាគខាងជើងជួរភ្នំ​ហិម៉ាល័យ ​ក្នុងអំឡុងដំណើរទេសចរណ៍​របស់ជនបរទេស​ម្នាក់​​ដែលត្រូវ​គេអះអាងថា ​មកពីរដ្ឋតិចសាស់​​​នៃសហរដ្ឋ​អាមេរិក និង​មានឈ្មោះថា ប្រ៊ីយ៉ាន ហាឡាន (Bryan Kinsel Harlan) បន្ទាប់​ពី​បុរសម្នាក់នោះ​បាន​ចំណាយ​លុយ ១១០,០០០ដុល្លារ។

ជាការពិតណាស់ ទង្វើនេះបានបង្កឲ្យ​អ្នកប្រើបណ្តាញសង្គម​នៅប៉ាគីស្ថាន សម្តែងការសោកស្តាយ និងខឹងសម្បារ​ជាខ្លាំង​។ អ្នកខ្លះ​បានលើក​ជាសំណួរថា ហេតុអ្វីបានជា​ពុំមានច្បាប់ហាមឃាត់​ ការប្រមាញ់សត្វពពែខាងលើ ដែលជាសត្វមួយតំណាង​ឲ្យអត្តសញ្ញាណជាតិ និងអ្នកខ្លះទៀត​បាននិយាយថា ទេសចរបរទេស​គួរត្រឹមអនុញ្ញាតឲ្យ​ថតរូបជាមួយសត្វ​កម្រៗ​បែបនេះ​ប៉ុណ្ណោះ គឺមិនគួរឲ្យបាញ់សម្លាប់​ពួកវាបែបនេះ​ឡើយ។

ទោះជាបែបនេះក្តី បើតាមអាជ្ញាធរ​ និង​ក្រុមអភិរក្សសត្វព្រៃ​ប៉ាគីស្ថាន ការអនុញ្ញាតឲ្យ​លោក Harlan ក៏ដូចជា​ជនជាតិ​​អាមេរិក ​០២នាក់ផ្សេងទៀត ចំណាយលុយ​ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបាញ់សម្លាប់​សត្វពពែស្នែងវែង Markhor ​ចំនួន ០៣​ក្បាល ក្នុង​អំឡុងពេល​មួយ​ខែចុងក្រោយនេះ នៅភាគខាងជើង​ប្រទេសប៉ាគីស្ថាន គឺមានហេតុផល​ត្រឹមត្រូវដែលអាច​យោគយល់បាន។

ពោលការធ្វើបែបនេះ តាមពិតបានជួយ​សង្រ្គោះអម្បូរសត្វដែលកម្រ និងងាយរងគ្រោះ ពីការផុតពូជទៅវិញទេព្រោះថា​ ជា​ច្រើន​​​ទសវត្សរ៍មកហើយចំនួនសត្វពពែ Markhor ដែលរស់នៅតំបន់ជួរភ្នំហិម៉ាល័យនៃប្រទេសប៉ាគីស្ថាន ឥណ្ឌា និងអាហ្វហ្គានីស្ថា​ន បានបន្តថយចុះជាខ្លាំង ដោយសារការប្រមាញ់យកសាច់ និង​​​​​​ក្នុងលក្ខណៈកម្សាន្ត ​ដែល​គ្មានការ​គ្រប់គ្រងត្រឹមត្រូវ​នៅក្នុងតំបន់ ការបាត់បង់​ព្រៃឈើ និងសកម្មភាពផ្សេងៗ​របស់យោធា។ នៅត្រឹមឆ្នាំ២០១១ សត្វពពែនេះ​ត្រូវគេប៉ាន់ស្មានថា នៅសល់ចំនួន​ ២,៥០០ក្បាល។

មកដល់ប៉ុន្មានឆ្នាំមុន អាជ្ញាធរនិងក្រុមអ្នកអភិរក្ស​តាម​​ប្រទេសដែល​មានវត្តមានពូជ​សត្វពពែនេះ ក៏បានចាប់ផ្តើម​ចាត់វិធានាការ​ជួយសង្រ្គោះពួកវា ដោយក្នុងនោះ​ប៉ាគីស្ថានបានហាម​មិនឲ្យមានសកម្មភាព​ប្រមាញ់ក្នុងស្រុកឡើយ តែបានចាប់ផ្តើម​អ​នុ​ញ្ញាត​ឲ្យអ្នកប្រមាញ់បរទេស​ចំនួនតូច បាញ់សត្វពពែ​ឈ្មោលចំនួន ១២ក្បាល​ក្នុងមួយរដូវកាល នៅតំបន់​សហគមន៍អភិរក្ស​ដូចនៅ​​ Gilgit-Baltistan ជាដើម។

សម្រាប់ចំណូល​ដែលមកពីសេវា​ខាងលើ ត្រូវទីភ្នាក់ងារអភិរក្សសត្វព្រៃ​ប៉ាគីស្ថាន ប្រើប្រាស់ក្នុងកិច្ចការងារ​អភិរក្ស ហើយ​ថវិកា​ខ្លះក៏ត្រូវបាន​ផ្តល់ឲ្យប្រជាជនដែលរស់នៅ ក្នុងតំបន់ជ្រកកោន​នៃសត្វពពែ Markhor ដើម្បីលើកទឹកចិត្តពួកគេ​កុំ​ឲ្យ​ប្រមាញ់​​ពួក​វា​ផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរផ្នែក​អភិរក្សសត្វព្រៃ​អាមេរិក ក៏បានជំរុញការប្រមាញ់​សត្វពពែ​ស្នែងវែងនេះ ក្នុងន័យជា​​មធ្យោ​បាយអភិរក្ស​ថែមទៀតផង។

គួរជម្រាបថា ជាលទ្ធផល​ចំនួនសត្វពពែ Markhor បានកើនឡើងវិញ​គ្រប់គ្រាន់ នៅឆ្នាំ២០១៥ ដែលអាចឲ្យ​សហភាព​អភិរក្ស​ធម្មជាតិ​អន្តរជាតិ ​ដំឡើងស្ថានភាពរបស់​ពួកវាពីងាយរងគ្រោះ ឬជិតផុតពូជ ឲ្យទៅជាជិត​នឹងរងការគំរាម​កំហែង​វិញ៕