(បាងកក)៖ ការមិនទទួលស្គាល់​ព្រះនាងម្ចាស់ អ៊ុបុលរតនា ជាបេក្ខជននាយករដ្ឋ​មន្ត្រី​របស់គណបក្សថៃរក្សាជាតិនោះ គឺត្រូវបានសម្រេចរួចទៅហើយ ប៉ុន្តែពេលនេះ​អ្វី​ដែលគណៈកម្មការជាតិថៃកំពុងតែរៀបចំចំណាត់ការមួយទៀតនោះ គឺការដាក់ញត្តិ​ស្នើសុំរំលាយបក្សនយោបាយមួយនេះចោលតែម្តង។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

គណៈកម្មការ​បោះឆ្នោតជាតិ​ថៃ (EC) បានប្រកាសពី​ការរៀបចំញត្តិទៅកាន់​តុលាការធម្មនុញ្ញ កាលពីល្ងាច​ថ្ងៃអង្គារ ដើម្បីឲ្យមាន​ការ​ពិចារណា​ចំពោះវិធានការ​រំលាយ «គណបក្សថៃរក្សាជាតិ» ដែលបានធ្វើ​ខុស​នឹង​ក្រមសីលធម៌ និងវប្បធម៌ជាតិ តាមរយៈការ​តែងតាំង​ព្រះរាមស្តេចថៃ គឺព្រះនាងម្ចាស់ អ៊ុលបុលរតនា (Ubolratana) ធ្វើជាបេក្ខជន​នាយករដ្ឋមន្ត្រី​តំណាងឲ្យបក្សនេះ ដើម្បីចូល​ប្រកួតប្រជែងក្នុង​ការបោះឆ្នោត​សកល ដែលនឹង​ប្រារព្ធឡើងនៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា នៅក្នុង​ញត្តិទៅកាន់តុលាការធម្មនុញ្ញ​នោះ មន្ត្រីនៃគណៈកម្មការ​បោះឆ្នោត​បាន​ចោទ​ប្រកាន់​គណបក្សថៃរក្សាជាតិ​ពីបទ «រំលោភលើមាត្រា ៩២ នៃច្បាប់រដ្ឋធម្មនុញ្ញ ចែងអំពី​បក្សនយោបាយ»។ EC ក៏បាន​បញ្ជូនតំណាង​របស់ខ្លួនទៅកាន់​តុលាការធម្មនុញ្ញ​រួចហើយ ដើម្បីដាក់​ញត្តិជាផ្លូវការនៅថ្ងៃពុធនេះ ប៉ុន្តែមិន​ទាន់មាន​ការបញ្ជាក់ថា ការកាត់​សេចក្តីនឹងត្រូវធ្វើឡើង​នៅពេលណា​នោះ​ឡើយ៕