(វ៉ាស៊ីនតោន)៖ បំណុលជាតិ​របស់សហរដ្ឋអាមេរិក​បានកើនឡើង​ហួសពី ២២ទ្រីលានដុល្លារ (ពាន់ពាន់លាន) ជាលើកដំបូង​​​​ បើតាមតួលេខ​ដែល​បញ្ចេញដោយ​ក្រសួង​ហិរញ្ញវត្ថុអាមេរិក។ នេះយោង​​តាមការដកស្រង់ការផ្សាយ​​ចេញពីសារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ខណៈនេះបំណុលជាតិ​សរុបរបស់អាមេរិក​គឺមានចំនួន ២២.០១២ទ្រីលានដុល្លារ ដែលវាបង្ហាញពីការកើនឡើងបន្ថែមដល់​ទៅជាង ​៣០​ពាន់លានដុល្លារ ធៀបនឹងប្រាក់​បំណុលសរុបកាលពីដើម​ខែកុម្ភៈ ហើយបើគិតក្នុងអំឡុង​ពេល ១១ខែចុងក្រោយនេះ បំណុលជាតិ​អាមេរិកបាន​កើន​​ដល់ទៅ​​ប្រមាណ ០១ទ្រីលានដុល្លារបន្ថែមលើបំណុល​ចាស់។

ជុំវិញបញ្ហានេះប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ជា​ច្រើនលើកច្រើនសា​​ទៅលើ​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា សម្រាប់​ការធ្វើឲ្យបំណុលជាតិ​កើនឡើងខ្ពស់ ក្នុងអំឡុងអាណត្តិ​កាន់អំណាចរយៈពេល ០៨ឆ្នាំរបស់លោក។ កាលនៅ​​ត្រឹមជា​បេក្ខជនប្រធានាធិបតី​ក្នុងឆ្នាំ២០១៦ លោក ត្រាំ ក៏បា​នសន្យា​ផងដែរថា នឹងលុបបំណុល​ដ៏ច្រើនសន្ធឹកសន្ធាប់​​នេះ​ក្នុង​រយៈ​ពេល ០៨ឆ្នាំ តាមរយៈការបង្កើត​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ ដែលប្រសើរ​ជាងមុន។

នៅក្រោមអាណត្តិ​របស់លោក ត្រាំ កិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគី​អាមេរិក-ម៉ិចស៊ីកូ-កាណាដា (USMCA) ដែលសំដៅ​​ជំនួស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីនៃតំបន់​អាមេរិកខាងជើង ហៅកាត់ថា NAFTA ត្រូវបានចរចា និងចុះហត្ថលេខា​ដោយ​​ភាគីទាំងបី។ ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោន ក៏បាន​ចេញចំណាត់ការ​​ដំឡើងពន្ធនាំចូល​ជាបន្តបន្ទាប់លើ​​ទំនិញជាច្រើន​មុខ​របស់ចិន ដែលបណ្តាលឲ្យផ្ទុះ​សង្រ្គាមពាណិជ្ជកម្ម​ជាមួយទីក្រុង​ប៉េកាំង។

គួរជម្រាបថា បំណុលជាតិ​របស់អាមេរិកបានកើន​​ប្រមាណ ០២ទ្រីលានដុល្លារ ធៀបនឹងអំឡុង​ដើម​ឆ្នាំ២០១៧ នៅពេលលោក ដូណាល់ ត្រាំ បានស្បថឡើង​កាន់តំណែង។ ​ម៉្យាងវិញទៀត អត្រានៃកំណើនបំណុល​បានស្ទុះ​លឿនឡើង ​ក្រោយ​ពេល​​ដែល​លោក ត្រាំ បានចុះហត្ថលេខា​លើ​សេចក្តីព្រាងច្បាប់​ ស្តីពីការបន្ថយពន្ធ​​ទំហំ ​១.៥ទ្រីលានដុល្លារ កាលពីខែធ្នូ ឆ្នាំ២០១៧៕