(វ៉ាស៊ីនតោន)៖ ខណៈជំនួបកំពូល​លើកទីពីរ​​រវាង​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នឹងមកដល់នៅប៉ុន្មាន​សប្តាហ៍​​ខាងមុខ អគ្គមេបញ្ជាការ​យោធាអាមេរិក​ប្រចាំ​តំបន់អាស៊ី នាថ្ងៃអង្គារ​នេះបាន​លើកឡើងថា កូរ៉េខាងជើង​ទំនង​ជានឹងមិនបោះបង់ចោល​អាវុធនុយក្លេអ៊ែររបស់ខ្លួន​ទាំងស្រុង​ឡើយ។ នេះ​បើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកនាយឧត្តមនាវី ហ្វីលីព ដាវីដសុន (Philip Davidson) (ផ្កាយ៤) ជាអគ្គមេបញ្ជាការទ័ពអាមេរិក​ប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក បានបង្ហាញ​មន្ទិលសង្ស័យ​ចំពោះ​ចេតនារបស់​កូរ៉េខាងជើង ទោះបីជាលោកបាន​សម្តែងទស្សនៈសុទិដ្ឋនិយម​អំពី​​ជំនួបកំពូលថ្ងៃ​ទី២៧-២៨ ខែកុម្ភៈ នៅ​ក្នុង​​​រដ្ឋធានីហាណូយ​នៃប្រទេសវៀតណាម រវាង​មេដឹកនាំនៃ​ប្រទេសទាំងពីរ​ក៏ដោយ។

លោក Davidson បាន​គូសបញ្ជាក់​​យ៉ាងដូច្នេះថា «ការវាយតម្លៃ​របស់ទីបញ្ជាការយោធា​អាមេរិក​នៅឥណ្ឌូ-ប៉ាស៊ីហ្វិក ជុំវិញការរំសាយ​អាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង គឺដូចគ្នាទៅនឹង​​គោលជំហររបស់​​សហគមន៍​ស៊ើបការណ៍​សម្ងាត់របស់​សហរដ្ឋអាមេរិក​​ ពោលគឺពួកយើង​យល់ថា កូរ៉េខាងជើង​ទំនងជានឹងមិនបោះបង់​ចោលអាវុធនុយក្លេអ៊ែរ ឬក៏សមត្ថភាព​​ផលិត​ទាំង​ស្រុង​របស់​ខ្លួនឡើយ ប៉ុន្តែអាចព្យាយាម​ចរចាលើ​ការរំសាយអាវុធ​នុយ​ក្លេ​អ៊ែរ​​មួយចំណែក ជាថ្នូរនឹងការ​ផ្តល់សម្បទានពីអាមេរិក និង​អន្តរ​ជាតិ​»​។

គួរជម្រាបថា លោក ត្រាំ ហាក់ដូចជាចង់​ជួបមុខគ្នាជាលើកទីពីរខ្លាំង​​ជាមួយ លោក គីម ទោះបីជាកិច្ចប្រជុំលើកទីមួយ​នៅ​សិង្ហបុរី កាលពី​ខែមិថុនា ឆ្នាំ២០១៨ សម្រេចបាន​នូវការប្តេជ្ញាក្នុងលក្ខណៈស្រពិចស្រពិល​ពីលោក គីម និងពុំមាន​វឌ្ឍនភាព​ធំដុំ​ក៏​ដោយ​ក្តី​។

ខណៈលោក ត្រាំ បានអះអាងថា ការដែលកូរ៉េខាងជើង​ផ្អាកការធ្វើតេស្ត​អាវុធនុយក្លេអ៊ែរ និងការដែលគ្មាន​មីស៊ីលកូរ៉េខាងជើង​ថ្មី​ត្រូវបានបាញ់បង្ហោះ ក្នុងរយៈពេល​ប្រមាណ ១៥ខែចុងក្រោយនេះ គឺជាតឹកតាង​នៃវឌ្ឍនភាពគួរឲ្យ​កត់សម្គាល់ របាយការណ៍​​មួយរបស់​ក្រុមឃ្លាំមើលទណ្ឌកម្មរបស់អង្គការ​សហប្រជាជាតិ ក៏បានបង្ហាញ​មន្ទិលចំពោះគោលបំណង​របស់​ទីក្រុង​ព្យុងយ៉ាង​ផងដែរ៕