(សេអ៊ូល)៖ ក្រុមសិស្សសាលា​នៅកូរ៉េខាងត្បូង​ភាគច្រើន កាន់តែមើលឃើញ​កូរ៉េខាងជើងក្នុង​ផ្លូវវិជ្ជមានខ្លាំងឡើងៗ នៅចំពេល​​ដែល​ស្ថាន​ការណ៍​មានសភាពស្ងប់សុខ​ក្នុងឧបទ្វីបកូរ៉េ។ នេះបើតាម​ការស្ទាបស្ទង់មតិមួយ​ចេញផ្សាយនៅថ្ងៃអង្គារនេះ ដកស្រង់​​ដោយ​ទីភ្នាក់​ងារ​​ព័ត៌​​មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមការស្ទង់មតិរួមមួយ នៃក្រសួងបង្រួបបង្រួម​ជាតិ និងក្រសួងអប់រំ​របស់ប្រទេសកូរ៉េខាងត្បូង​​ចេញផ្សាយ​នាថ្ងៃអង្គារ​នេះបានបង្ហាញថា ​សិស្ស​សាលា​ជិត ​​៥១​ភាគរយ​​បានបង្ហាញទស្សនៈ​ពួកគេថា កូរ៉េខាងជើង​គឺជាដៃគូមួយ​ដែលកូរ៉េខាង​ត្បូង​​ គួរ​តែ​​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​ជាមួយ ខណៈអត្រា​​នេះបានកើនឡើងពី ៤១.៣ភាគរយ នៅក្នុងការស្ទង់មតិ​កាលពី​លើកមុន។

លទ្ធផលខាងលើ​ត្រូវបានយោងតាម​​ការស្ទង់មតិ​​មួយ ធ្វើឡើងចំពោះ​សិស្សចំនួន ៨២,៩៤៧នាក់ មកពីបឋមសិក្សា និងវិទ្យាល័យ​​ចំនួន​៥៩៧កន្លែង នៅទូទាំងប្រទេស​កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។ ចំណែកឯការ​ស្ទង់​មតិ​ស្រដៀងគ្នា​មួយទៀត​ទៅលើសិស្សសាលា​ចំនួន ៩១,៣១៦ ត្រូវបានធ្វើឡើង​នៅតាមសាលារៀន​ចំនួន ៥៤៨កន្លែង កាលពី​ឆ្នាំ២០១៧។

ម៉្យាងវិញទៀត អត្រានៃចំនួនសិស្ស​ដែលចាត់ទុក​​កូរ៉េខាងជើងជា​សត្រូវ​របស់កូរ៉េខាងត្បូង ក៏មានការថយ​ចុះ​​គួរ​ឲ្យ​កត់​សម្គាល់​ផងដែរ​​គឺ​មក​នៅ​ ៥.២ភាគរយ​កាលពីឆ្នាំ២០១៨ ​ធៀបនឹង ៤១ភាគរយ​នៅឆ្នាំ២០១៧ ខណៈ​សិស្សដែលយល់​ថា កូរ៉េខាងជើង​ជា​ប្រទេសត្រូវការ​ការជួយជ្រោមជ្រែង​ពីកូរ៉េខាងត្បូង បានកើនពី ១០.៨ភាគរយនៅ​ឆ្នាំ២០១៧ ទៅដល់ ១២.១ភាគរយ​ឆ្នាំ២០១៨​។​

គួរជម្រាបថា រូបភាពកាន់តែវិជ្ជមាន​ឡើងៗរបស់កូរ៉េខាងជើង បានកើតមាន​នៅចំពោះមុខ ការកើនឡើងនៃ​បរិយាកាសសន្តិភាព​​​នៅឧបទ្វីបកូរ៉េ ដែលបង្កើតឡើងតាមរយៈ​កិច្ចប្រជុំកំពូល​​អន្តរកូរ៉េជាបន្តបន្ទាប់ បូករួមជាមួយ​ជំនួបកំពូលទីមួយ​ក្នុងប្រវត្តិសាស្រ្ត​រវាង​​កូរ៉េខាងជើង និងសហរដ្ឋអាមេរិក​កាលពីឆ្នាំមុន៕