(វ៉ាស៊ីនតោន)៖ កាលពីឆ្នាំមុន​ក្រុមអ្នកវិទ្យាសាស្រ្ត​បានរកឃើញថា តាមពិតផ្ទាំងទឹកកក​ដ៏ក្រាស់នៅកោះ​គ្រីនលែន (Greenland) ដែលស្ថិត​​​​ក្បែរតំបន់ប៉ូលខាងជើង បានបិទបាំងស្នាម​របួសធំមួយរបស់ផែនដី ហើយឥឡូវនេះ​​ពួកគេបានរកឃើញភស្តុតាងថ្មីបន្ថែមទៀត​។ នេះបើ​តាមការដកស្រង់ការ​ផ្សាយចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមការឲ្យដឹង​ពីទីភ្នាក់ងារអវកាស​អាមេរិក NASA រណ្តៅថ្មីទីពីរ​ទំនងជាត្រូវបាន​រកឃើញនៅជម្រៅ​ប្រហែល ១.៦គីឡូម៉ែត្រ​​​ ស្ថិតនៅពី​​ក្រោម​​​ផ្ទាំងទឹកកក នៅភាគពាយ័ព្យ​កោះគ្រីនលែន។ របកគំហើញ​នេះកើតឡើងក្រោយការ​រកឃើញរណ្តៅយក្សមួយ​ទៀត ​ដែលមាន​មុខ​កាត់​​ ៣០​គីឡូម៉ែត្រ នៅពីក្រោមផ្ទាំង​ទឹកកក ហៃយ៉ាវ៉ាថា (Hiawatha) នៅគ្រីនលែន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលវាគឺជា​រណ្តៅ​​អាចម៍​ផ្កាយ​ដំបូង​គេ​បង្អស់ ដែលត្រូវ​បាន​​រក​ឃើញ​កប់នៅក្រោម​ផ្ទាំងទឹកកករបស់​ភព​ផែនដី។

រណ្តៅទីពីរ​នេះ​​ដែលមានមុខកាត់ ៣៦គីឡូម៉ែត្រ ស្ថិតនៅចម្ងាយប្រមាណ ១៨៣គីឡូម៉ែត្រ​ពីរណ្តៅទីមួយ ហើយ​ពួកវាប្រហែល​​ជា​​បាន​លេចរូបរាងឡើង​ក្នុងពេលដាច់ដោយ​ឡែកពីគ្នា ព្រោះតែលក្ខណៈខុសគ្នា​នៃស្រទាប់ផ្ទាំង​ទឹកកក នៅលើរណ្តៅយក្សទាំង​ពីរ​ ដែលស្ថិតនៅលើ​កោះធំបំផុត​លើលោក ជាកម្មសិទ្ធិ​របស់ប្រទេស​ដាណឺម៉ាក​មួយនេះ។ ​

​គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្តក៏មិនទាន់​ប្រាកដនោះដែរ អំពី​រណ្តៅយក្សទីពីរ​នេះ ថាបានកើតឡើង​ដោយរបៀបណា ប៉ុន្តែបើវាត្រូវគេផ្ទៀតផ្ទាត់​​ឃើញថា រណ្តៅអាចម៍ផ្កាយនោះ វានឹងក្លាយជារណ្តៅយក្សធំបំផុតទី ២២ ដែលត្រូវបានរក​ឃើញនៅ​លើភពផែនដីទាំងមូល និងមានអាយុកាល​ខ្ទង់រាប់សិបលាន​ឆ្នាំឡើងទៅ៕