(វៀងច័ន្ទ)៖ ក្រុមហ៊ុនជំនាញខាង​ផលិតផល​អុបទិករបស់ជប៉ុន Hoya Corporation កំពុងបណ្តាក់ទុន​វិនិយោគ​ជាង ​៣០០លាន​​ដុល្លារ ទៅលើការសាងសង់​រោងចក្រផលិតកម្ម​ថ្មីមួយនៅក្នុង​ប្រទេសឡាវ ដើម្បីផលិត​ដុំស្តុកទិន្នន័យ​របស់កុំព្យូទ័រ (Hard Disk Drive)។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមហ៊ុន Hoya Corporation ​កាលពីថ្ងៃសុក្រ​សប្តាហ៍មុន បានរៀបចំពិធី​បើកការដ្ឋានសាងសង់​ជាផ្លូវការ សម្រាប់រោងចក្រ​​ខាង​លើ ដែលមានទីតាំង​ស្ថិតក្នុងតំបន់​អភិវឌ្ឍន៍ សៃសេដ្ឋា (Saysettha Development Zone ឬ SDZ) នៅរដ្ឋធានីវៀងច័ន្ទ​​នៃប្រទេសឡាវ។ តំបន់​​អភិវឌ្ឍន៍​ពិសេសនេះ ត្រូវបានបង្កើត​ឡើងរួមគ្នាដោយ​រដ្ឋាភិបាលឡាវ និងរដ្ឋាភិបាលចិន។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​សរុប​ចំនួន ៥៦ កំពុងតែវិនិយោគ​នៅក្នុងតំបន់ SDZ ដែលគិតជាង​ទំហំទឹកប្រាក់​គឺ ១ពាន់លានដុល្លារ ខណៈដែលភាគច្រើន​អ្នកវិនិយោគគឺ​មក​ពីប្រទេស ចិន ជប៉ុន និងថៃ។

ដំណើរការផលិតកម្ម​នៅក្នុងរោងចក្រថ្មី​ខាងលើ​ត្រូវគេរំពឹងថា នឹងអាចចាប់ផ្តើមបាន​នៅអំឡុងដើមឆ្នាំ២០២០ ហើយ​វា​គឺជា​ការ​បន្ថែមទៅលើរោងចក្រ​ផលិត Hard Disk Drive ដែល Hoya Corporation មានស្រាប់នៅថៃ និងវៀតណាម។ បើតាម​ក្រុមហ៊ុន​ Hoya ប្រទេសឡាវ​គឺជាទីតាំងដ៏ប្រពៃ​សម្រាប់​ឲ្យក្រុមហ៊ុន​រៀបចំបើករោងចក្រថ្មីរ​បស់ខ្លួន ហើយវារោងចក្រនេះ​នឹងជួយបង្កើត​​ឱកាសការ​ងារ​​ជាង​ ៤,០០០កន្លែងនៅទីនេះ។

គួរជម្រាបថា រដ្ឋាភិបាលឡាវ ជាពិសេសក្រសួង​ផែនការ និងវិនិយោគ​របស់ឡាវ កំពុងសកម្ម​ជាខ្លាំង​ក្នុង​ការព្យាយាម​​ធ្វើឲ្យ​ប្រសើរឡើង​នូវ ​​យន្តការ ចំណាត់ការ បទបញ្ញត្តិ និងគោលការណ៍​ផ្សេងៗ ដើម្បីជួយសម្របសម្រួល និងពន្លឿននីតិវិធីនានា សម្រាប់ក្រុម​វិនិយោគិន​​​ក៏ដូចជាប្រតិបត្តិការ​អាជីវកម្ម នៅក្នុងប្រទេស​អាស៊ាន​មួយនេះ៕