(ម៉ូស្គូ)៖ សមាជិកមួយចំនួន​នៃគណរដ្ឋមន្ត្រីអង់គ្លេស​បានបង្ហាញ​ការជឿជាក់ថា លោក​ស្រី ថេរ៉េសា ម៉ាយ (Theresa May) នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី យ៉ាងហោចណាស់នារដូវក្តៅឆ្នាំនេះ ក្រោយពី​ចក្រភពអង់គ្លេស​​ប្រកាសដក​ខ្លួនជាផ្លូវការ​ចេញពី​សហភាពអឺរ៉ុប នៅ​ខែមីនា ឆ្នាំ២០១៩។ នេះបើតាម​​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

សម្រាប់​លោកស្រី May វិញ​កាលពីខែធ្នូ​កន្លង​ទៅនេះ​ធ្លាប់បានប្រកាស​ថា លោកស្រី​នឹងលាលែងពី​តំណែង​​នាយករដ្ឋមន្ត្រី​​អង់គ្លេស ឲ្យបានមុនការបោះឆ្នោតសកល​នៅឆ្នាំ២០២២ ប៉ុន្តែលោកស្រី​​មិនបាន​បញ្ជាក់ពី​កាលបរិច្ឆេទ ដែល​អាចទទួលយកបាន​នោះឡើយ ខណៈការលើកឡើងខាងលើនេះ គឺនៅសល់រយៈពេល​​រហូតទៅ​ដល់ ៣ឆ្នាំទៀត​ឯណោះ។ ប៉ុន្តែ​ពេលនេះ​​សមាជិកគណរដ្ឋមន្ត្រីមួយចំនួន​ ដែលស្និទ្ធនឹង​លោកស្រី May បាន​បង្ហើបថា នាយករដ្ឋមន្ត្រីរូបនេះអាចនឹងលាលែងពីតំណែង​ នៅអំឡុងរដូវ​ក្តៅឆ្នាំនេះហើយ (កំឡុងខែមិថុនា ដល់ខែសីហា)។

គួរបញ្ជាក់ថា លោកស្រី​ Theresa May បានទទួលការគាំទ្រ​ពីគណបក្សអភិរក្ស​និយម​ (CP) របស់លោកស្រី​ឲ្យឡើងធ្វើ​ជានាយករដ្ឋមន្ត្រីអង់គ្លេស កាលពី​ឆ្នាំ២០១៦ បន្ទាប់ពីការលាលែង​ចេញពីតំណែងរបស់​លោក ដេវីដ ខាម៉េរូន ដោយសារតែ​ការបោះឆ្នោត​​ដកអង់គ្លេស​ចេញពី​សហភាពអឺរ៉ុប Brexit កាលណោះបានធ្វើឲ្យរូបលោក​​ពិបាកទទួលយកជា​ខ្លាំង។

ទោះបីជាបែបនេះក្តី ដើម្បីធ្វើការអនុវត្តឲ្យសមស្រប​ទៅតាមដំណើរការ នៃលទ្ធិ​ប្រជាធិបតេយ្យ​ និងការសម្រេចចិត្ត​នៃប្រជាជនអង់គ្លេស​ភាគច្រើននោះ លោកស្រី Theresa May នៅតែខំប្រឹងប្រែង​​ទៅមុខ​ជានិច្ច ដើម្បីជម្នះនាំអង់គ្លេសចេញពី​អឺរ៉ុបជាផ្លូវការ ព្រមទាំង​បានប្រឆាំងជាច្រើនលើកច្រើនសាផងដែរ ​ចំពោះការស្នើឲ្យមាន Brexit លើកទីពីរ៕