(ម៉ូស្គូ)៖ រុស្ស៊ីចាប់បានសញ្ញា​នៃការធ្វើចលនា​យ៉ាងច្រើនសន្ធឹកសន្ធាប់ ​នៃ​​​ក្រុមផ្កាយរណប​យោធា​ក្នុងកម្មវិធីអង្កេត ស្ថានភាពភូមិសាស្ត្រ​នៃទីអវកាស​អាមេរិក Geosynchronous Space Situational Awareness Program ឬហៅកាត់ថា GSSAP ​របស់អាមេរិក ដែលស្ថិតនៅ​ក្នុងគន្លងគោចរជុំវិញភព​ផែនដី។ នេះបើ​តាម​​​ឯក​សារ​មួយ​របស់មជ្ឈមណ្ឌល​អវកាសរុស្ស៊ី Astro Space Center ដកស្រង់ខ្លឹមសារ​ដោយសារ​ព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​​ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាម​ឯកសាររបស់ Astro Space Center បានឲ្យដឹងថា ប្រព័ន្ធតាមដាន​សកម្មភាពផ្កាយរណប​​ក្នុងទីអវកាស​​របស់រុស្ស៊ី បានប្រទះឃើញ​សញ្ញា​ក្នុងទ្រង់ទ្រាយធំ​នៃការធ្វើចលនារបស់​​ផ្កាយរណប GSSAP ចំនួន ០៤គ្រឿង​របស់​សហរដ្ឋអាមេរិក។ តួយ៉ាង​មួយគ្រឿង​ក្នុង​ចំណោមនោះ ដែលត្រូវបាន​បាញ់បង្ហោះកាល​ពីឆ្នាំ២០១៤ បាន​ធ្វើចលនា​គួរឲ្យកត់​សម្គាល់ដល់ទៅ ​៤០០លើក​នៅមុនឆ្នាំ២០១៨។ ក្រៅពីនេះ ពេលខ្លះទៀត​ផ្កាយរណបយោធា​ទាំងនេះ បានទៅត្រួត​ពិនិត្យផ្កាយរណប​ដទៃ​​របស់​អាមេរិក។

គួរជម្រាបថា កាលពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ សហរដ្ឋអាមេរិក​បានបញ្ជូន​ផ្កាយរណប ០៤គ្រឿង នៅក្រោម​កម្មវិធី GSSAP ដែលមានគោលដៅ​គ្រប់គ្រងទីអវកាស ដើម្បីបម្រើផល​ប្រយោជន៍ឲ្យ​កងទ័ព​អាកាស​របស់ខ្លួន៕