(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ​មួយនាថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីបង្កើតកិច្ចប្រឹងប្រែងសំដៅធានាឲ្យបានថា មហាអំណាចអាមេរិកនៅតែជាប្រទេសដែលឈានមុខគេបង្អស់ក្នុង​វិស័យ​បច្ចេកវិទ្យា AI ឬ Artificial Intelligence។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

បទបញ្ជាលើកកម្ពស់បច្ចេកវិទ្យានេះ ជំរុញឲ្យមានការខិតខំការពារ​ឧត្តមភាពប្រកួតប្រជែង​​របស់​សហរដ្ឋអាមេរិក ក្នុង​វិស័យ​បច្ចេកវិទ្យា AI ប្រឆាំងនឹង​​គូប្រកួតប្រជែងយុទ្ធសាស្រ្តសំខាន់ៗ ​ក៏ដូចជាគូសត្រូវបរទេស ប៉ុន្តែមិនបានបញ្ជាក់ចំៗថាគូប្រជែង​​និងគូសត្រូវទាំងនោះជាប្រទេសណាខ្លះឡើយ។ លោក ត្រាំ បាននិយាយថា «ការបន្តនាំមុខគេក្នុងវិស័យ Artificial Intelligence គឺជាមានសារសំខាន់ជាទីបំផុត ក្នុងការរក្សា​ស្ថិរ​ភាពសេដ្ឋកិច្ចនិងការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក»។

គួរជម្រាបថា យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន បានសង្កត់ធ្ងន់ថា អាមេរិក​មិនអាចអង្គុយនៅស្ងៀមទទេៗ ហើយ​សន្និដ្ឋានថាភាពជានាំមុខគេរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យានេះ ត្រូវបានធានាដោយឯកឯងឡើយ ​ខណៈប្រទេសជាច្រើ​នផ្សេង​កំពុងតែមានការរីកចម្រើនខ្លាំងក្នុងវិស័យបច្ចេកវិទ្យា AI ដោយមិនអាចមើលរំលងបាននោះទេ​៕