(វ៉ាស៊ីនតោន)៖ នាវាពិឃាតអាមេរិក០២គ្រឿង ​នាថ្ងៃចន្ទនេះបានធ្វើដំណើរ​មកក្បែរប្រជុំកោះ ដែលត្រូវបានទាមទាររបស់​​ប្រទេសចិន នៅ​ក្នុង​តំបន់​សមុទ្រចិនខាងត្បូង ខណៈ​ទីក្រុងប៉េកាំងបានចេញមុខរិះគន់ភ្លាមៗដោយមិនបង្អស់យូរ។ នេះ​បើ​តាម​ការ​ដកស្រង់​ការ​ផ្សាយ​​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌​មាន​បារាំង AFP នៅយប់ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

នាវាពិឃាតអាមេរិក USS Spruance និង USS Preble បានធ្វើនាវាចរនៅចម្ងាយ២២គីឡូ​ម៉ែត្រ​ពីតំបន់ថ្មប៉ប្រះទឹក Mischief Reef ក្នុង​តំបន់ភាគខាងកើតនៃប្រជុំកោះ Spratly ដែលមានបញ្ហាវិវាទ នៅដែនសមុទ្រចិនខាងត្បូង ហើយប្រតិបត្តិការរបស់នាវាទាំងគ្រឿង​នេះ គឺជាសកម្មភាពថ្មីចុងក្រោយគេបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នូវអ្វីដែលខ្លួនមើលឃើញថា ជាការខំប្រឹង​​ប្រែងរបស់ទីក្រុង​ប៉េកាំង ក្នុងការដាក់កំហិតលើ​សេរីភាពនាវាចរ នៅក្នុងតំបន់ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ។

ដោយមិនរង់ចាំយូរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងថា សហរដ្ឋអាមេរិក កំពុង​តែ​តាំង​​ចិត្ត​សំដៅបង្កបញ្ហានៅសមុទ្រចិនខាងត្បូង និងបង្កើតភាពតានតឹងកាន់តែខ្លាំង ព្រមទាំងបំផ្លាញសុខសន្តិភាពនៅក្នុងតំបន់ ហើយ​​លោក​ស្រី បានទទូចឲ្យ​ទីក្រុងវ៉ាស៊ីនតោនបញ្ឈប់សកម្ម​ភាព​បង្ក​ហេតុ​នានា​ជា​បន្ទាន់។

គួរជម្រាបថា ​ក្រៅពីចិន វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង តៃវ៉ាន់ សុទ្ធតែមានការទាមទារចំណែក​រៀងៗ​ខ្លួន​ នៅក្នុង​តំបន់សមុទ្រចិនខាងត្បូង ខណៈប្រទេសចិន បានធ្វើការទាមទារ​ស្ទើរតែលើទឹកដីទាំងមូលនៃតំបន់នេះ ហើយជារឿយៗតែង​បាន​​រិះគន់ទៅលើសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់វ៉ាស៊ីនតោន ជុំវិញការធ្វើប្រតិបត្តិការតាមផ្លូវទឹកនិងអាកាស នៅក្បែរ​ប្រជុំកោះ​ដែល​​ខ្លួនទាមទារឬកាន់កាប់៕

Advertising