(សិង្ហបុរី)៖ តុលាការ​សិង្ហបុរីបាន​​ផ្តន្ទាទោសគូស្មាមី​ភរិយាមួយគូ ដែលបានបង្ខំឲ្យ​ស្ត្រីអ្នក​បម្រើតាមផ្ទះជាជនជាតិ​មីយ៉ាន់ម៉ាមួយរូប ងូតទឹកក្តៅស្រោចខ្លួន រួចបោចសក់នាង ហើយបញ្ច្រកទឹកជូតសម្អាតផ្ទះឲ្យនាងផឹកថែមទៀតនោះ ឲ្យជាប់ពន្ធនាគារម្នាក់ ០៣ឆ្នាំ និងម្នាក់ទៀត ០៦សប្តាហ៍ ព្រមទាំងពិន័យជាប្រាក់ ៩ពាន់ដុល្លារសិង្ហបុរី ឬស្មើនឹងជាង ៦.៦ពាន់ដុល្លារអាមេរិកផងដែរ។ នេះបើតាម​ការចេញ​ផ្សាយដោយ Channel News Asia នាល្ងាច​ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

គូស្វាមីភរិយា​ខាងលើនេះ បានទទួលរងការចោទប្រកាន់​ដោយតុលាការសិង្ហបុរី ក្រោយពីបាន​រួមគ្នា​ប្រព្រឹត្តទង្វើសាហាវព្រៃផ្សៃ​ខាងលើនេះ​​ ចាប់តាំងពីឆ្នាំ២០១៦ ទៅលើអ្នក​បម្រើ​ក្នុងផ្ទះរបស់ខ្លួន​ដែលជាស្ត្រីជនជាតិ​មីយ៉ាន់ម៉ា មានឈ្មោះថា ព្យូព្យូ ម៉ា (Phyu Phyu Mar ដែលបានធ្វើឲ្យ​នាង​បន្សល់​ទុកស្លាកស្នាម​របួសពាសពេញខ្លួន​ជាភស្តុតាង​ជាក់ស្តែង។

គួរបញ្ជាក់ថា នៅចំពោះមុខ​តុលាការសិង្ហបុរី គូស្វាមីភរិយាមួយគូនេះបានសារភាពថា ពួកគេ​ពិត​ជាមិនពេញ​ចិត្តនោះឡើយ ចំពោះការបំពេញការងារយឺតយ៉ាវរបស់ Mar ប៉ុន្តែ​សម្រាប់​អ្នកដែលបង្កហិង្សាខ្លាំងជាងគេទៅលើ Mar នោះគឺស្ត្រីជាភរិយាអាយុ ៣៩ឆ្នាំ ដែលត្រូវបានតុលាការ​ផ្តន្ទាទោសដាក់ពន្ធនាគារ ០៣ឆ្នាំ ខណៈប្តីនាងដែលមានអាយុ ៤៤ឆ្នាំ ត្រូវជាប់គុកតែ ០៦សប្តាហ៍ប៉ុណ្ណោះ។

តុលាការសិង្ហបុរីបាន​​កាត់សេចក្តីថា ទោះបីជា Mar មានភាពយឺតយ៉ាវ​ក្នុងបំពេញ​ការងារក្តី ក៏ប្តីប្រពន្ធ​ទាំងពីរនាក់នេះ គ្មានសិទ្ធិក្នុងការធ្វើ​ទារុណ្ឌកម្ម​លើរូបរាងកាយនាង​នោះដែរ។ ក្រៅពី​ទារុណ្ឌកម្ម Mar ក៏ត្រូវបានគេបង្អត់​អាហារ និងមិនបើកប្រាក់ខែ​ឲ្យថែមទៀត។ ដោយឡែក​​រឿងរ៉ាវនៃទារុណ្ឌកម្មនេះ​ត្រូវបានបែកធ្លាយ ក៏ព្រោះស្ត្រី​ជាប្រពន្ធបាននាំអ្នកបម្រើ​ឈ្មោះ Mar ទៅកាន់​ហាងសាឡន​របស់ខ្លួន ហើយអ្នកបម្រើ​ក្នុងហាងសាឡននោះបានសួរនាំ ពីអការៈរបស់ Mar រួចសម្រេចក៏ប្តឹងទៅសមត្ថកិច្ចសង្ហបុរីតែម្តង ពីអំពើឃោឃៅ​ដែលចៅហ្វាយស្រី​ខ្លួន បាន​ប្រព្រឹត្តលើអ្នក​បម្រើជនជាតិ​មីយ៉ាន់ម៉ានោះ៕