(បាងកក)៖ ទីបំផុតបញ្ជីឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីមកពីបក្សនយោបាយនានា ត្រូវបាន​គណៈកម្មការបោះឆ្នោតជាតិថៃ សម្រេចចេញជាផ្លូវការហើយក្រោយកិច្ចប្រជុំមួយ នាថ្ងៃច័ន្ទ​ដើមសប្តាហ៍នេះ ប៉ុន្តែនៅក្នុងនោះគេពុំឃើញមាន​ឈ្មោះ​ព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ដែលជាព្រះរាម​របស់ស្តេចថៃនោះឡើយ ហើយប្រការនេះ​ក៏ត្រូវបានគេ​សន្មត់ដែរថា គណៈកម្មការ​បាន​សម្រេច​មិនទទួល​យកបេក្ខជន​នាយករដ្ឋមន្ត្រី ដែលគណបក្សថៃ​​រក្សា​ជាតិ​បាន​ជ្រើសតាំង​ឡើង​នោះ​​ឡើយ។ នេះបើតាម​​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

គណៈកម្មការបោះឆ្នោតជាតិ​ថៃ បានបើកកិច្ចប្រជុំ​សំខាន់មួយ​នៅថ្ងៃចន្ទនេះ ដើម្បីដោះ​ស្រាយបញ្ហា​ជាច្រើន ជាពិសេសបញ្ហាបេក្ខជន​ដែលមានសិទ្ធិឈរឈ្មោះជានាយករដ្ឋមន្ត្រី មកពីគណបក្សនយោបាយ​នានា។ នៅក្នុង​នោះបញ្ហា​រសើបបំផុតនៃបក្ស​នយោបាយ​មួយ ដែលបានជ្រើស​តាំងសែរាជវង្ស​ជាន់ខ្ពស់​ថៃ​មួយព្រះអង្គ​ដែលត្រូវជាព្រះរាម​របស់ព្រះមហាក្សត្របច្ចុប្បន្នតែម្តង ឡើងធ្វើជា​បេក្ខជននាយករដ្ឋមន្ត្រី​​តំណាងបក្ស​របស់ខ្លួននោះ គឺជា​ប្រធានបទ​សំខាន់។

គួរបញ្ជាក់ថា ការតែងតាំង​ព្រះនាងម្ចាស់​ Ubolratana ធ្វើជាបេក្ខភាព​​នាយករដ្ឋមន្ត្រី​របស់គណបក្សថៃ​រក្សាជាតិ ដែលត្រូវបានគេ​មើលឃើញថា អាចមាន​​ប្រជាប្រិយភាព​ខ្លាំង​ក្នុងការបោះឆ្នោត​នោះ បានធ្វើឲ្យមហាជន​ក្នុងប្រទេសថៃចាប់អារម្មណ៍​យ៉ាងខ្លាំង​បំផុត ហើយ​សារព័ត៌មាន​ធំៗ​ទូទាំង​សកលលោក ក៏បានចុះផ្សាយជាបន្តបន្ទាប់ អំពីរបត់នយោបាយថ្មី​មិនធ្លាប់នៅក្នុងប្រទេសថៃនេះផងដែរ ខណៈ​ព្រះមហាក្សត្រថៃ​វិញ​បានចេញ​រាជសារ​សម្តែងការ​មិនពេញ​ព្រះទ័យជាខ្លាំងដោយបញ្ជាក់​ថា «ជាទង្វើមិនសមរម្យទាល់តែសោះ និងជាការបំផ្លាញ​វប្បធម៌ជាតិ​ថៃ»

ទោះបីជា​បែបនេះក្តី ចាប់តាំងពី​ការប្រកាន់យក​របបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ ពីឆ្នាំ១៩៣២ មកទល់នឹង​ពេលបច្ចុប្បន្ន​នេះ ពុំដែល​មានសែរាជវង្ស​ជាន់ខ្ពស់ថៃណា​មួយ ចេញមុខ​លេងនយោបាយ​នោះ​ឡើយ ដូច្នេះហើយ​ទើបការតែងតែង​ព្រះរាម​របស់ព្រះមហា​ក្សត្រថៃខាងលើនេះ បានបង្កឲ្យ​គ្រប់គ្នាភ្ញាក់​ផ្អើល ខណៈប្រទេស​ថៃ​បានល្បីល្បាញ​​​ខាងធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីរិល រាប់ទសវត្សរ៍មក​ហើយ៕