(ឡុងដ៍)៖ បើតាម​សេចក្តីព្រាង​សុន្ទរកថា ស្តីពី​យុទ្ធសាស្រ្តយោធា​ថ្មី​របស់​ចក្រភព​អង់គ្លេស ដែល​សារព័ត៌មាន Independent ​បាន​ធ្វើការ​ចុះផ្សាយ ​រដ្ឋមន្រ្តីការពារជាតិ​អង់គ្លេស លោក ហ្គេវីន វីលៀមសុន (Gavin Williamson) ​នឹង​ប្រកាសពីការបញ្ជូន​នាវាដឹកយន្តហោះ​ចម្បាំង​​ថ្មី​ HMS Queen Elizabeth ​របស់ទ័ពជើងទឹក​អង់គ្លេស ទៅកាន់​តំបន់ដែនទឹក​ដែលមានបញ្ហាវិវាទ នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​បើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

នាថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Williamson នឹងត្រូវថ្លែងសុន្ទរកថាគន្លឹះមួយ​នៅវិទ្យាស្ថាន​ជាតិយោធា និងសន្តិសុខក្នុង​​ទីក្រុង​ឡុងដ៍ជាទីដែល​លោកនឹង​បង្ហាញពី​ផែនការ​សម្រាប់​ការធ្វើទំនើបកម្ម​យោធា ​របស់ចក្រភព​អង់គ្លេស។ ​ប្រមុខ​ការពារ​ជាតិ​អង់គ្លេសរូបនេះ​ត្រូវគេរំពឹងថា នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវគោលនយោបាយ​អន្តរាគមន៍និយម​របស់ចក្រភពអង់គ្លេស​ដដែល ដោយ​​យោងលើ​ហេតុផលថា ការមិនចូលរួម​ធ្វើសកម្មភាព​​ក្នុងវិបត្តិអន្តរជាតិ អង់គ្លេសអាច​ប្រឈមមហានិយភ័យ នៃការត្រូវចាត់​ទុក​ថា «គ្រាន់ជាខ្លាប្រដាសមួយ»

យោងតាមប្រភព​សេចក្តីព្រាងសុន្ទរកថា​ខាងលើ លោក Williamsom នឹងលើកឡើង​​ទៀតថា បន្ទាប់ចាកចេញ​ពីសហភាព​អឺរ៉ុប ​ចក្រភពអង់គ្លេស​ប្រហែល​ត្រូវចូលលូកដៃ​នាពេលអនាគត ដើម្បីតទល់ជាមួយរុស្ស៊ី និងចិន ដែល​​លោក​អះអាងថា កំពុង​សកម្មជាខ្លាំង​ក្នុងការបង្កើនក៏ដូចជា​ពង្រឹងកម្លាំងយោធា​របស់ពួកគេ។

គួរជម្រាបថា សព្វថ្ងៃចិនកំពុងតែ​ស្ថិតក្នុងបញ្ហាជម្លោះ​មិនដាច់ស្រេច ជាមួយបណ្តា​ប្រទេស​ជិតខាត ព្រមទាំង​សហរដ្ឋអាមេរិក​ជុំវិញការទាមទារ​ទឹកដី នៅតំបន់សមុទ្រ​ចិនខាងត្បូង ដែលជាច្រកផ្លូវអន្តរជាតិ​ដ៏សំខាន់ និងមាន​ទំហំពាណិជ្ជកម្មរាប់ពាន់​​លាន​ដុល្លារក្នុង​មួយឆ្នាំៗ។ កាលពី​ថ្ងៃកញ្ញា ឆ្នាំ២០១៨ ​អង់គ្លេសក៏ធ្លាប់បាន​បញ្ជូននាវា​ចម្បាំង HMS Albion ​ទៅ​ទីក្រុងហាណូយ នៅ​ភាគ​ខាងត្បូង​វៀតណាម​ ដោយ​ឆ្លងកាត់​តំបន់ដែលស្ថិត​ក្រោមការទាមទារ​របស់ចិន នៅសមុទ្រចិន​ខាងត្បូង​ផងដែរ៕