(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភា​អាមេរិកមកពី​គណបក្សប្រជាធិបតេយ្យ លោកស្រី អេលីហ្សាប៊ែត វ៉ារែន (Elizabeth Warren) ដែល​បានប្រកាស​ថា លោក​ស្រីនឹង​​ចូលរួមប្រកួតប្រជែង​​ក្នុងការ​បោះឆ្នោត ជ្រើសរើសប្រធានាធិបតី​អាមេរិកឆ្នាំ២០២០ បានលើកឡើងថា ​​ឆ្នាំក្រោយ​​​​លោក ដូណាល់ ត្រាំ ប្រហែលជាគ្មានឱកាស​តតាំងជាមួយ​បេក្ខភាព​ដែលនឹងទៅដណ្តើម​តំណែងរបស់​លោកឡើយ ព្រោះ​ថា​​នៅពេលនោះ​លោកអាចនឹងនៅក្នុងពន្ធនាគារ​បាត់ទៅ​ហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកស្រី Wanrren បាន​ធ្វើការព្រមាន​ធ្ងន់ៗបែបនេះ ក្នុងថ្ងៃដំបូងនៃការចាប់​ផ្តើម​យុទ្ធនាការ​​​របស់លោកស្រី នៅចំពោះមុខ​អ្នក​គាំទ្រ​នៅក្រុង សេថា រ៉ាភីដស៍ (Cedar Rapids) នៃរដ្ឋ អ៊ីយ៉ូវ៉ា (Iowa)។ សមាជិកព្រឹទ្ធសភា​អាមេរិករូបនេះបាន​និយាយ​យ៉ាង​ដូច្នេះថា «នៅឆ្នាំ២០២០ លោក ដូណាល់ ត្រាំ ទំនងជាមិនមាន​តំណែងប្រធានាធិបតី​ទៀតឡើយ ព្រោះថា​តាមពិតទៅលោក​អាចនឹង​ស្ថិតនៅក្នុង​ពន្ធនាគារ»​។​

គួរជម្រាបថា បច្ចុប្បន្នការស៊ើបអង្កេត​ដែលដឹកនាំដោយ​រដ្ឋអាជ្ញា​ពិសេស លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) កំពុងតែបន្តប្រព្រឹត្ត​ទៅ ជុំវិញ​រឿងអាស្រូវនៃ​ការលូកដៃរបស់​រុស្ស៊ី ចូលក្នុងដំណើរការ​បោះឆ្នោតជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាលពីឆ្នាំ២០១៦ ខណៈ​អតីតមនុស្សជំនិត​ៗរបស់លោក ត្រាំ មួយចំនួនត្រូវបានចោទ​ប្រកាន់ និងផ្តន្ទាទោស​ដាក់​ពន្ធនាគារ។

ទោះជាបែបនេះក្តី លោក ដូណាល់ ត្រាំ បានបដិសេធថា លោកមិនបាន​ធ្វើខុសអ្វីទាំងអស់ ក្នុងការបោះឆ្នោត​ឆ្នាំ២០១៦ ហើយ​ក៏មិនមានទំនាក់ទំនង​អ្វីជាមួយរដ្ឋាភិបាល​រុស្ស៊ីដែរ។ ខណៈពេលនេះ ពុំមានសញ្ញាណា​មួយបង្ហាញថា ​ប្រធានាធិបតីអាមេរិក​រូប​នេះ អាចនឹងត្រូវចោទ​ប្រកាន់ ឬក៏ជាប់ពន្ធនាគារនៅមុនការបោះឆ្នោត​ជ្រើសរើសមេដឹកនាំ​ឆ្នាំ២០២០ ឡើយ ប៉ុន្តែការវាយប្រហារទៅលើរូបលោក ត្រាំ នឹងកាន់តែកើនឡើង​ នៅពេល​ដែលការបោះឆ្នោត​ឆ្នាំ២០២០ កាន់តែកៀក​ជិតមកដល់ដែរនោះ៕