(កុងហ្គោ)៖ ​ក្មេងជិត ១០០នាក់បាត់បង់ជិវិត គិតចាប់តាំងតែ​ពីជំងឺអេបូឡា (Ebola) បានផ្ទុះរីករាលដាល​ឡើង នៅក្នុង​សាធារណ​រដ្ឋប្រជាធិបតេយ្យ​​កុងហ្គោ​កាលពីឆ្នាំ២០១៨ ហើយ​មកទល់ពេលនេះ​ពុំមានសញ្ញាធូរស្រាល​ឡើយ ដោយកាលពី​ខែមករាកន្លង​ទៅ ចំនួនករណីថ្មី​បានកើនឡើងដល់​ទៅទ្វេដង ខណៈចំនួនមនុស្ស​ស្លាប់សរុបវិញគឺជាង ៥០០នាក់។ នេះបើ​តាម​​ការ​បញ្ជាក់​ពី​​អង្គការ​សង្រ្គោះ​កុមារ​អន្តរជាតិ (Save the Children) ដកស្រង់ខ្លឹមសារ​ដោយ​សារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

អង្គការ​សង្គ្រោះកុមារ (Save the Children) កុមារសរុបចំនួន ៩៧នាក់​បានស្លាប់ដោយសារ​ជំងឺ Ebola គិតចាប់តាំងពី​ជំងឺដ៏កាចសាហាវ​នេះ​បាន​ផ្ទុះឡើងកាល​ពីខែសីហា ឆ្នាំទៅមិញ ខណៈក្មេងៗ​ក្នុងចំណោមនោះ​ចំនួន ៦៥នាក់ គឺមាន​អាយុពុំដល់ ០៥ឆ្នាំផង។ ​ទន្ទឹម​នឹង​នេះ ចំនួន​ករណីថ្មី​នៃអ្នកកើតជំងឺ Ebola បានស្ទុះឡើង​ខ្លាំងក្នុងខែមុន គឺពីប្រមាណត្រឹម ២០នាក់ ក្នុងមួយសប្តាហ៍​ដល់ជាង ៤០នាក់​ បើ​តាម​​​អង្គការសង្រ្គោះកុមារ ហើយក្នុងអំឡុងបីសប្តាហ៍​ចុងក្រោយ​នៃខែមករា ​គឺមានករណីថ្មីសរុប ១២០ ហើយនៃអ្នកឆ្លងវីរុស Ebola ថ្មីៗ។

គួរជម្រាបថា ជំងឺ Ebola ជាមធ្យមផ្តាច់ជិវិត​​អ្នកឆ្លង​ចំនួនពាក់​កណ្តាល ខណៈករណី​រីករាលដាលថ្មីចុង​ក្រោយនេះ មាន​អត្រា​​ស្លាប់ខ្ទង់ ៦០ភាគរយ។ ម៉្យាងវិញ​ទៀត នេះជាការឆ្លង​រីករាលដាល​ដ៏ប្រល័យ និងធំបំផុត​លំដាប់ទីពីរ​នៅក្នុង​ប្រវតិ្តសាស្រ្ត គឺ​ក្រោមករណី​រីករាលដាល Ebola នៅតំបន់​អាហ្រ្វិកខាងលិច​កាលពីឆ្នាំ២០១៤ តែមួយប៉ុណ្ណោះ នៅពេល​ជំងឺនេះ​បានឆក់យក​ជីវិតមនុស្ស​ជាង ១១,០០០នាក់ បើតាមតួលេខ​របស់អង្គការសុខភាព​ពិភពលោក។

សរុបមក​ករណីជំងឺ Ebola នៅកុងហ្គោមានចំនួន ៨០៦ករណី គិតចាប់ពីខែសីហា ឆ្នាំ២០១៨ បើតាមការបញ្ជាក់ពី​​ក្រសួង​សុខា​ភិបាល​ នៃប្រទេសអាហ្វ្រិកកណ្តាលនេះ មនុស្សសរុប ៥០៥នាក់ហើយបានស្លាប់៕