(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ហ្វីលីព (Philip) ដែលជាស្វាមី​របស់​មហាក្សត្រីយានី​នៃចក្រភពអង់គ្លេស អេលីហ្សាប៊ែត (Elizabeth) ទី២ ​បាន​សម្រេចបោះ​បង់​ចោល​សិទ្ធិបើកប​រ​ ​បន្ទាប់ពីទ្រង់​បានជួបគ្រោះថ្នាក់ចរាចរណ៍​មួយ កាលពីខែមុន​នៅទីក្រុង​ឡុងដ៍។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកនាំពាក្យ​នៃព្រះរាជវាំង បាក់ឃីងហាំ (Buckingham) បានប្រកាសឲ្យដឹង​យ៉ាងដូច្នេះថា «ក្រោយការធ្វើ​ព្រះរាជតំរិះយ៉ាងហ្មត់ចត់ ​ព្រះអង្គម្ចាស់ Philip បានសម្រេច​ព្រះទ័យ​​បោះបង់​ប័ណ្ណបើកបរ​របស់ទ្រង់»។ ព្រះអង្គម្ចាស់ Philip ដែលបច្ចុប្បន្នមានព្រះជន្ម ​៩៧​ព្រះវស្សា​​ទៅ​ហើយនោះ ​បានជួបគ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី១៧ ខែមករា ដោយរថយន្ត​របស់ទ្រង់បាន​ប៉ះទង្គិចគ្នា ជាមួយ​​រថយន្តមួយគ្រឿង​​​ទៀតម៉ាក Kia នៅភាគខាងជើង​ទីក្រុងឡុងដ៍ ប៉ុន្តែព្រះអង្គម្ចាស់​មិនបានរងរបួស​អ្វីឡើយ។

គួរជម្រាបថា នៅចក្រភពអង់គ្លេស ប័ណ្ណបើកបរ​ផុតសុពលភាព​នៅអាយុ ៧០ឆ្នាំ ប៉ុន្តែប្រជាជនដែល​មានអាយុលើសពីនេះ​​ នៅតែអាច​បើកបរ​បានដដែល តាមរយៈការពន្យារប័ណ្ណរយៈពេល ០៣ឆ្នាំម្តង ហើយ​ប្រកាសពី​ស្ថានភាពសុខភាព​ដែលចាំបាច់ផ្សេងៗ ដើម្បី​​បញ្ជាក់ថា ពួកគេត្រូវគ្រប់​តាមស្តង់ដា​សម្រាប់ការ​បើកបរ៕