(វ៉ាស៊ីនតោន)៖ ប្រទេសបង់ក្លាដែស​បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីបណ្តា​ប្រទេស​ធំៗ​មួយចំនួនជុំវិញការបោះឆ្នោតកាលពីខែធ្នូ ដែលគណបក្សរបស់​​លោកស្រីនាយករដ្ឋមន្ត្រី ហ្សេក ហាស៊ីណា (Sheikh Hasina) បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែ​​សហរដ្ឋអាមេរិក​បានបង្ហាញ​ជំហរផ្ទុយពីសម្ព័ន្ធមិត្ត​នានារបស់ខ្លួន ដោយ​មិនបាន​ចេញមុនរិះគន់ខ្លាំងៗនោះ​ឡើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពី​បណ្តាញ​សារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រការដូចខាងលើនេះ​ត្រូវបានអ្នក​តាមមួយចំនួន​មើលឃើញថា សហរដ្ឋអាមេរិក​កំពុង​តែ​សម្លឹងឃើញផលប្រយោជន៍សំខាន់ៗ​មួយចំនួន ជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដែស ដែល​កំពុងដឹកនាំ​ប្រទេសមាន​ប្រជាជនច្រើនបំផុត​លំដាប់លេខ ៨ នៅលើសកលលោកមួយនេះ ខណៈប្រជាជាតិ​នៃតំបន់អាស៊ីខាងត្បូងមួយនេះ មានទំនាក់ទំនងល្អ​ជាមួយបណ្តា​ប្រទេសលោក​ខាងលិចជាយូរណាស់​មកហើយ ទោះបីជាមិនជិតស្និទ្ធខ្លាំងក្តី។

គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធ​អាវ៉ាមី (Awami Leaque) របស់លោក​ស្រី ហាស៊ីណា បានទទួលកៅអី​សរុប ២៨៨ នៅក្នុង​ចំណោម ៣០០ នៅក្នុង​សភា កាលពីការ​បោះឆ្នោត​សកលប្រព្រឹត្ត​ទៅនា​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។ បណ្តា​ប្រទេស​តំបន់អឺរ៉ុប​​មួយចំនួន​បានចេញមុខ​រិះគន់រដ្ឋាភិបាល​លោកស្រី ហាស៊ីណា ចំពោះការ​រិតត្បិតប្រពន្ធផ្សព្វ​ផ្សាយ និង​សេចក្តីសម្រេចរបស់តុលាការ​បង់ក្លាដែស ដែលបានឲ្យមេបក្ស​ប្រឆាំងជាប់ពន្ធនាគារកាលពី​ឆ្នាំ២០១៨ ផងដែរ ប៉ុន្តែ​សហរដ្ឋអាមេរិក​វិញ​បានចេញ​សេចក្តីថ្លែងការណ៍​​ផ្ទុយពីនេះ។

ជាការពិតសហរដ្ឋអាមេរិក​កន្លងមក បានធ្វើការតាមដាន​យ៉ាងដិតដល់ចំពោះ​ការបោះឆ្នោត​នៅបង់ក្លាដែស​ដូចទៅនឹងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនដែរ ប៉ុន្តែបន្ទាប់ពី​ការចេញលទ្ធផល​ផ្លូវការបង្ហាញថា លោកស្រី ហ្សេក ហាស៊ីណា ជាអ្នកឈ្នះ​ឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនោះ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានសរសេរលិខិត​មួយស្វាគមន៍ និងជូនពរ​លោកស្រី ហាស៊ីណា ចំពោះភាព​ជោគជ័យ​នេះ ប៉ុន្តែមហាអំណាច​អាមេរិក​ក៏អំពាវនាវឲ្យ​លោកស្រី ប្តេជ្ញាការពារសិទ្ធិមនុស្ស សេរីភាពនៃ​ការបញ្ចេញមតិ និងរដ្ឋធម្មនុញ្ញ​ប្រជាធិបតេយ្យ​របស់ខ្លួនឲ្យ​បានផងដែរ។

លោកស្រី ហាស៊ីណា គឺមេដឹកនាំបង់ក្លាដែស​មួយរូប ដែលទទួលបានការកោតសរសើរខ្លាំង​ពីសហរដ្ឋអាមេរិក និងលោកខាងលិច​​បន្ទាប់ពីប្រទេស​លោកស្រី ព្រម​ទទួល​យកជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​​ជាង ៧០០,០០០នាក់ ឲ្យជ្រកកោណ​បណ្តោះអាសន្ន បន្ទាប់ពី​ពួកគេបាន​រត់គេច​ចេញ​ពីទឹកដីមីយ៉ាន់ម៉ា ដោយសារ​តែអំពើហិង្សា។

បើតាមអ្នកជំនាញជាន់ខ្ពស់មួយរូប គឺលោក ម៉ៃឃើល គូហ្គែលមែន (Michael Kugelman) មកពីសកលវិទ្យាល័យ វូឌ្រូវ វាលសុន (Woodrow Wilson) របស់​សហរដ្ឋអាមេរិក​បានលើក​ឡើងថា បង់ក្លាដែស​​កំពុង​ត្រូវបាន​លោកខាងលិច មើលឃើញពី​ដំណើរឆ្ពោះ​ទៅរករបបផ្តាច់ការ ប៉ុន្តែដោយ​សារ​ការចេះបទបែន​នោះ ប្រទេសនេះ​​អាចមានប្រយោជន៍​​ សម​នឹងការចង់បាន​របស់ទីក្រុងវ៉ាស៊ីនតោន​ទៅវិញ៕