(ការ៉ាកាស់)៖ ប្រធានាធិបតី​នៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ទីបំផុតបានប្រកាសបើកជាផ្លូវការនូវ​​សមយុទ្ធ​​យោធា ដែលមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១១​ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅមុនការប្រកាសបើកសមយុទ្ធខាងលើ លោក ម៉ាឌូរ៉ូ បានធ្វើដំណើរទៅរដ្ឋ Miranda ភាគខាងជើងប្រទេស ដើម្បី​ត្រួត​ពិនិត្យ​មើលសព្វាវុធព្រមទាំងបរិក្ខាយោធាជាច្រើនប្រភេទ។ ការធ្វើសមយុទ្ធនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ហើយ​ត្រូវបានរំពឹងថានឹងជាសមយុទ្ធយោធាធំនិងមានសារសំខាន់បំផុត ក្នុងចំណោមសមយុទ្ធនានាដែលទីក្រុងការ៉ាកាស់ធ្លាប់​បាន​ប្រារព្ធឡើង ក្នុងអំឡុងប្រវត្តិសាស្រ្តប្រមាណ២០០ឆ្នាំរបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក ម៉ាឌូរ៉ូ ផ្ទាល់។

គួរជម្រាបថា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាសបើកសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មាន នៅចំពោះមុខ​វិបត្តិ​ដ៏តាន​តឹង​ក្នុងផ្នែកនយោបាយ បន្ទាប់ពី​មេបក្សប្រឆាំង​នៃប្រទេសអាមេឡាទីននេះ គឺលោក Juan Guaido បានប្រឆាំងតែងតាំងខ្លួនឯង​ជា​ប្រធានាធិបតីស្តីទី ហើយទទួលបានការគាំទ្រពី​សហរដ្ឋអាមេរិក និង​​សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន៕