​(ការ៉ាកាស់)៖ ការសម្រេចចិត្តផ្ដល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកដល់វេណេស៊ុយអេឡាគឺជាទង្វើពុតត្បុតយ៉ាងច្បាស់ ខណៈ ទីក្រុងវ៉ាស៊ីនតោនកំពុងបំផ្លាញសេដ្ឋកិច្ចប្រជាជាតិអាមេរិកឡាទីនមួយនេះ និងមានបំណងប្រើប្រាស់វាជាលេសចូល​ឈ្លានពាន​វេណេស៊ុយអេឡា។ នេះបើតាមអនុប្រធានាធិបតីវេណេស៊ុយអេឡា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន Russian Today ជាមួយការថ្កោលទោសការផ្ដល់ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក តបតាមសំណើពីមេបក្ស ប្រឆាំង លោក Juan Guaido ដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី។ លោកស្រី បានគូសបញ្ជាក់ ដូច្នេះថា៖«ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិកគឺជាទង្វើពុតត្បុត និងគ្រាន់តែជាលេសជួយបក្សប្រឆាំង ព្រមទាំងចង់ឈ្លានចូល វេណេស៊ុយអេឡាប៉ុណ្ណោះ...ជាការពិតណាស់អ្វីដែលពួកយើងចង់បានគឺសន្តិភាព មិនមែនសង្រ្គាមឡើយ ប៉ុន្តែសហរដ្ឋអាមេរិកបែរ ជាមិនព្រមបោះបង់ចោលគំនិតប្ដូររបបដឹកនាំរបស់យើងទាល់តែសោះ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្ដល់ជំនួយមនុស្សធម៌ដល់វេណេស៊ុយអេឡា បន្ទាប់ពីមានសំណើរបស់លោក Juan Guaido។ ប៉ុន្តែ ក្បួនរថយន្ដដឹកជំនួយកំពុងជាប់គាំង ក្រោយរដ្ឋាភិបាលទីក្រុងការ៉ាកាស់ បញ្ជាឱ្យយោធាបិទស្ពានមួយស្ថិតជាប់​ព្រំដែនជាមួយប្រទេសកូឡុំប៊ី បើទោះជាប្រជាជនវេណស៊ុយអេឡារាប់លាននាក់កំពុងរង់ចំាជំនួយបន្ទាន់ទំាងនេះក៏ដោយ៕