(ស៊ីរី)៖ កងកម្លាំងប្រជាធិបតេយ្យឃើដស៊ីរី (SDF) គាំទ្រដោយសហរដ្ឋអាមេរិក បានចាប់ផ្ដើមបើកប្រតិបត្តិការយោធាវាយប្រហារ​និងបោសសំអាតក្រុមសកម្មប្រយុទ្ធ ISIS ជាលើកចុងក្រោយនៅឯភាគខាងកើតប្រទេសស៊ីរី។ នេះបើតាមក្រុមសកម្មជនឃើដ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមសកម្មជនឃើដបានឱ្យដឹងទៀតថា ក្រុមអ្នកប្រយុទ្ធ SDF បានបើកការវាយប្រហារមូលដ្ឋានចុងក្រោយរបស់ក្រុម ISIS នៅឯ តំបន់ទន្លេ Euphrates កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីការជម្លៀសជនស៊ីវិលច្រើនជាង២០,០០០នាក់ ចេញពីទីក្រុង Baghouz ស្ថិតនៅភាគខាងកើតខេត្ត Deir al-Zour។ លើសពីនេះទៅទៀត ប្រតិបត្តិការយោធានេះធ្វើឡើងនៅក្នុងគោលបំណង កម្ទេចរាល់មូលដ្ឋានសេសសល់ទាំងអស់របស់ ISIS នៅក្នុងទីក្រុង Baghouz។

គួរបញ្ជាក់ថា ប្រតិបត្តិការយោធារបស់កងកម្លាំង SDF ធ្វើឡើងនៅចំពេលសហរដ្ឋអាមេរិកកំពុងរៀបចំដកកងទ័ពអាមេរិកទាំងអស់ ជាង២,០០០នាក់ចេញពីប្រទេសស៊ីរី តាមការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែធ្នូ ឆ្នាំ២០១៨៕