(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថាចិន និងសហរដ្ឋអាមេរិកនឹងរៀបចំកិច្ចប្រជុំពាណិជ្ជកម្មកម្រិតខ្ពស់ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ នៅក្នុងទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមក្រសួងពាណិជ្ជកម្មចិន ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He និងតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer ព្រមទាំងរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin នឹងដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់នេះដើម្បីចរចា ដោះស្រាយជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំង២ ឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីចុងខែមករា ក្នុងទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា ក្រុមប្រតិភូអាមេរិកនឹងធ្វើដំណើរមកដល់ទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃចន្ទស្អែកនេះ៕