(ការ៉ាកាស់)៖ មេដឹកនាំគណបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido បានសន្យាថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បី បើកផ្លូវដឹកជញ្ជូនជំនួយមនុស្សធម៌ចូលមកក្នុងប្រទេសឱ្យទាល់តែបាន បើទោះជាមានការរារាំងពីរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Juan Guaido ដែលបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីវេណេស៊ុយអេឡាស្ដីទី ដោយមានការគាំទ្រយ៉ាងពេញ​ទំហឹង​ពីសហរដ្ឋអាមេរិក ក៏បានអំពាវនាវផងដែរឱ្យប្រជាជនវេណេស៊ុយអេឡាទាំងអស់ចូលរួមធ្វើការតវ៉ាដើម្បីទាមទារឱ្យរដ្ឋាភិបាល ទីក្រុងការ៉ាកាស់បើកផ្លូវឱ្យក្បួនរថយន្ដដឹកជំនួយមនុស្សធម៌ចូលមកក្នុងប្រទេស ខណៈប្រជាជនរាប់លាននាក់កំពុងត្រូវការជំនួយ ជាបន្ទាន់។

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបញ្ជាឱ្យយោធាបិទស្ពានមួយកន្លែងនៅ ជាប់ព្រំដែនជាមួយប្រទេសកូឡុំប៊ី ដើម្បីកុំឱ្យក្បួនរថយន្ដដឹកជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក ដោយចោទថាជំនួយទាំងនេះគឺ ជាការផ្គត់ផ្គង់បក្សប្រឆាំងក្នុងការធ្វើរដ្ឋប្រហារទម្លាក់លោកពីអំណាច៕