(ម៉ូស្គូ)៖​ ខណៈដែល​ចិន និងអាមេរិក​កំពុងតែសកម្ម​បំផុត ក្នុងការស្រាវជ្រាវឋាន​ព្រះច័ន្ទ​នោះ ប្រទេសរុស្ស៊ីវិញ​ក៏មានផែនការរបស់​ខ្លួនដែរ ប៉ុន្តែរហូតដល់​ឆ្នាំ២០៣១​ឯណោះ ទើប​រុស្ស៊ី​អាចបញ្ជូន​អវកាសយានិក ទៅដើរនៅលើឋាន​ព្រះច័ន្ទ និងធ្វើការស្រាវជ្រាវ​តាមបែប​វិទ្យាសាស្ត្រ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នាល្ងាច​ថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

បេសកកម្មខាងលើ​ដែល​កំពុងដឹកនាំ​ដោយ វិទ្យាស្ថានផលិតកម្ម​ម៉ាស៊ីន និងស្រាវជ្រាវ​កណ្តាល​រុស្ស៊ី TsNIIMash បានឲ្យដឹងថា «គោលបំណង​នៃបេសកកម្មនេះ គឺ​នាំ​​មនុស្សទៅកាន់ព្រះច័ន្ទ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០៣១ ហើយអវកាសយានិក​ទាំងអស់ នឹង​ត្រូវហ្វឹកហ្វឹនជំនាញ​បំពេញប្រតិបត្តិការ ដែលពាក់ព័ន្ធនឹងអ្វី​​ដែលពួកគេត្រូវធ្វើ​លើព្រះច័ន្ទនោះ...»

គួរបញ្ជាក់ថា រុស្ស៊ីគ្រោងបញ្ជូនមនុស្សទៅ​ដើរលើព្រះច័ន្ទនៅ​ឆ្នាំ២០៣១ និងម្តងទៀតនៅ​ឆ្នាំ២០៣២ ដើម្បីធ្វើតេស្តយានយន្ត​ដែលត្រូវបំពាក់​នៅទីនោះ។ បន្ទាប់មក​ទៀតនៅ​ឆ្នាំ២០៣៣ អវកាសយានិក​នឹងត្រូវធ្វើដំណើរទៅព្រះច័ន្ទ​ក្នុងរយៈពេលយូរ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​តេស្ត​គ្រឿង​យន្តស្រាវជ្រាវ (រ៉ូបូត) នៅលើនោះផ្ទាល់។ ដោយឡែក​​ការកសាង​មូលដ្ឋានរុស្ស៊ីដំបូង​លើឋានព្រះច័ន្ទ នឹងត្រូវចាប់ផ្តើម​នៅឆ្នាំ២០៣៤ រហូតដល់​ឆ្នាំ២០៣៥៕