(បាងកក)៖ លោក ផៃប៊ូន នីធីតាវ៉ាន់ (Paiboon Nititawan) ប្រធានគណបក្ស​កំណែទម្រង់ដែលគាំទ្រ​របបយោធា បានបង្កើនសម្ពាធ​លើគណៈកម្ម​ការ​រៀបចំការ​បោះឆ្នោត​​​ឲ្យធ្វើការ​រំលាយ​គណបក្សថៃ​រក្សាជាតិ ដោយសារការតែង​តាំង​ព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ជា​​បេក្ខ​ជន​នាយករដ្ឋមន្រ្តី​របស់ខ្លួន។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅរសៀល​ថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ការបង្កើនសម្ពាធរបស់ លោក Paiboon ធ្វើឡើងបន្ទាប់ពី​​ព្រះមហាក្សត្រថៃ ព្រះបាទ មហា វ៉ាច្ឆរ៉ាឡុងកន បានចេញព្រះរាជសារ​​ប្រឆាំងនឹងដំណឹង​​គួរឲ្យ​ភ្ញាក់ផ្អើលអំពី​ការឈរឈ្មោះរបស់​​​ព្រះរាមទ្រង់ គឺព្រះនាងម្ចាស់ Ubolratana ជាបេក្ខភាព​នាយករដ្ឋមន្រ្តី​របស់​ «គណបក្ស​ថៃរក្សាជាតិ​​» សម្រាប់ការ​បោះឆ្នោតជាតិនាថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។

ប្រធានគណបក្ស​កំណែទម្រង់បាន​លើកឡើងថា ជាក់ស្តែងដោយសារ​តែព្រះនាង Ubolratana មានសែស្រឡាយ​​រាជវង្ស ដែល​​​មិនអាចប្រឡូកក្នុងឆាកនយោបាយ​បាននោះ គណបក្សថៃរក្សាជាតិ​ត្រូវតែបញ្ចប់អ្វីៗ​គ្រប់យ៉ាង ដូច្នេះ​គណៈកម្មការ​​​រៀបចំ​ការ​បោះឆ្នោត ត្រូវតែចាត់វិធានការ​រំសាយ​គណបក្ស​នេះចោល។ លោក Paiboon បានស្នើឲ្យ​​​គណៈកម្មការ​​កោះប្រជុំ​​បន្ទាន់​ ដើម្បីពិចារណា​លើការរំលាយបក្ស​ថៃរក្សាជាតិ​ នៅថ្ងៃចន្ទ​សប្តាហ៍​ក្រោយ។

កាលពីយប់​ថ្ងៃសុក្រសប្តាហ៍នេះ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានបញ្ជាក់ថា ​ទោះព្រះរាមទ្រង់​បានបោះបង់ចោលងារ​​ជា​រាជ​វង្សតាមច្បាប់ក៏ដោយ ព្រះនាងនៅតែជា​សមាជិកមួយអង្គ​ ក្នុងសែរាជវង្សថៃតាមប្រពៃណី​ដដែល។ មិនតែប៉ុណ្ណោះ ព្រះនាង​ក៏​នៅ​តែជាបុត្រីរបស់​​ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ផងដែរ។ ហេតុនេះ​ហើយ ការដែលអនុញ្ញាតឲ្យសែរាជរង្ស​ ចូលទៅប្រឡូក​ប្រឡាក់​ក្នុងរឿង​នយោបាយ គឺជាទង្វើ​មួយបំពានលើ​ប្រពៃណីរាជវង្ស​ ក៏ជាការប៉ះពាល់​ដល់​វប្បធម៌ជាតិ និងជាទង្វើដែលមិន​សមរម្យ​ជាខ្លាំង​។

គួរជម្រាបថា នាថ្ងៃសៅរ៍នេះ គណបក្សថៃរក្សាជាតិ​បានចេញ​សេចក្តីថ្លែងការណ៍ គោរពតាម​ព្រះរាជបញ្ជា​របស់​ព្រះមហាក្សត្រ​​​ថៃ គឺដកព្រះនាង​​ម្ចាស់ Ubolratana ចេញពីបេក្ខភាព​នាយករដ្ឋមន្ត្រី​វិញ ខណៈព្រះនាង​គឺជាបេក្ខជននាយករដ្ឋមន្រ្តី​តែមួយគត់​របស់​បក្ស​៕