(បាងកក)៖ គណបក្ស​ថៃរក្សាជាតិ​ បានសម្រេច​គោរពតាមព្រះរាជបញ្ជា​របស់ព្រះមហាក្សត្រ​ថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលបានហាមឃាត់​មិនឲ្យ​​ព្រះរាម​របស់ទ្រង់ គឺព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់​​ការ​បោះ​ឆ្នោត​​នាខែក្រោយ។ នេះបើតាម​សេចក្តីថ្លែងការណ៍​ផ្ទាល់របស់គណបក្សថៃ​រក្សាជាតិ ដកស្រង់ខ្លឹមសារ​ដោយ​សារ​ព័ត៌​មាន​ថៃ The Nation នៅរសៀល​ថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

គណបក្សថៃរក្សាជាតិ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍​ដូច្នេះថា «គណបក្សបាន​សម្រេចទទួលយក​​ព្រះរាជបញ្ជារបស់​​​ព្រះ​មហា​ក្សត្រ ជាមួយភក្តីភាពពេញ​ទំហឹងចំពោះ​ព្រះអង្គ និងចំពោះសែរាជវង្ស​ទាំងមូល» ហើយ​សេចក្តី​ថ្លែង​ការណ៍​​នេះ​ក៏​បាន​សម្តែងការអរព្រះគុណ​ចំពោះ​ព្រះនាង​ម្ចាស់ Ubolratana ដែលបាន​ទទួលយក​ការអញ្ជើញឲ្យឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី ​​តែមួយគត់របស់​បក្សផងដែរ កាលពី​ម្សិលមិញ។

គួរជម្រាបថា កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ​​ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ​បានហៅទង្វើរបស់ព្រះរាមរបស់ព្រះអង្គថា «មិន​សាក​សម និងបំផ្លាញវប្បធម៌ជាតិ...។ ទោះបី​ព្រះនាងបានបោះបង់​ចោលតំណែង ក្នុងជួររាជវង្ស​ជាលាយលក្ខណ៍អក្សរក៏ដោយ ក៏ព្រះនាងនៅ​តែរក្សាឋានៈ​របស់ព្រះនាង ក្នុងនាមជាសមាជិក​សែរាជវង្សចក្រីដដែល»

ព្រះនាងម្ចាស់ Ubolratana Rajakanya គឺជាបុត្រីច្បង​នៃ​អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់​ក្សត្រី សិរីគិត (Sirikit)។ ប៉ុន្តែព្រះនាងបាន​បោះបង់ចោលតួនាទី​ជារាជ្យវង្ស​របស់ខ្លួន កាលពីឆ្នាំ១៩៧២ ដើម្បី​ទៅ​រៀប​ការ​​ជាមួយ​ជន​ជាតិ​​អាមេរិកម្នាក់​ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen) ដែលវាមានន័យថា ព្រះនាង​គ្មានសិទ្ធិ​នៅ​ក្នុង​ការទទួលរាជសម្បត្តិ​នោះឡើយ។

ព្រះនាងម្ចាស់ Ubolratana ត្រូវគេមើលឃើញថាជា បេក្ខភាពប្រកបដោយសក្តានុពល​មួយរូប ដែលអាចមានឱកាសខ្ពស់ក្នុង​ការ​ប្រកួត​ប្រជែងតំណែងនាយករដ្ឋមន្រ្តីថៃជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៤ ខែមីនា​៕