(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បានប្រកាស​ទាត់ចោល​សេចក្តីថ្លែងការណ៍​របស់​ក្រុម​​ទំនាក់ទំនង​អន្តរជាតិ ដែលបានបើកកិច្ចប្រជុំ​នៅអ៊ុយរ៉ាហ្គាយ ដើម្បីស្វែងរកដំណោះស្រាយ​សម្រាប់វិបត្តិនយោបាយ​ ​នៅ​​ក្នុង​ប្រទេស​វេណេស៊ុយអេឡា ដោយលោកមើលឃើញថា វាមានភាព​លម្អៀងទៅរក​បក្ស​ប្រឆាំង។ នេះបើតាម​ការដក​ស្រង់​ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

​លោក ម៉ាឌូរ៉ូ បាន​និយាយថា សេចក្តីថ្លែងការណ៍រួម​ដែលត្រូវបាន​ចុះហត្ថលេខា ​ដោយសមាជិកភាគច្រើន​នៃក្រុម​​ទំនាក់​ទំនង​​អន្តរជាតិខាងលើ គឺមានពុំមាន​អព្យាក្រឹតភាព​នៅក្នុងអនុសាសន៍​របស់ខ្លួន ជុំវិញមធ្យោបាយ​ដើម្បីជម្នះវិបត្តិនយោបាយ​ ​​ដ៏តាន​តឹង​​របស់​វេណេស៊ុយអេឡានោះឡើយ។ ទន្ទឹមនេះដែរ​លោក ម៉ាឌូរ៉ូ បាន​​អញ្ជើញអ្នក​តំណាងនៃ​ក្រុមទំនាក់ទំនង​​អន្តរជាតិ​នេះ​ឲ្យ​មកកាន់​វេណេស៊ុយអេឡា ដើម្បីជជែក​ពិភាក្សាគ្នា។

គួរជម្រាបថា ក្រុមទំនាក់ទំនង​ខាងលើ ដែលរួមមាន​សហភាពអឺរ៉ុប (EU) ព្រមទាំង​ប្រទេសអាមេរិកឡាទីន និងអឺរ៉ុប​ចំនួន ​១៣ ​បានចេញសេចក្តី​ថ្លែងការណ៍​រួមមួយ ក្រោយបញ្ចប់កិច្ចប្រជុំ​លើកដំបូង​របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ ដោយក្នុង​នោះក្រុម​ទំនាក់ទំនងអន្តរជាតិ​នេះបានគាំទ្រ ឲ្យ​មានការរៀបចំបោះឆ្នោត​ប្រធានាធិបតី​ឡើងវិញ​នៅវេណេស៊ុយអេឡា ដូច​​ទៅ​នឹងអ្វីដែល​ក្រុមប្រឆាំង​បាន​ទាមទារ។

សហភាពអឺរ៉ុប​បានចុះហត្ថលេខាលើ​សេចក្តីថ្លែងការណ៍រួម​ជាមួយ​អេស៉្បាញ អ៊ីតាលី ព័រទុយហ្គាល់ ស៊ុយអែត អាល្លឺម៉ង់ បារាំង ហូឡង់ ចក្រភពអង់គ្លេស អ៊ុយរ៉ាហ្គាយ កូស្តារីកា និងអេក្វាទ័រ ខណៈបូឡាវី និងម៉ិចស៊ីកូ​បានធ្វើអនុប្បវាទ៕