(ការ៉ាកាស់)៖ មេបក្សប្រឆាំង​វេណេស៊ុយអេឡា​លោក ជូអាន ហ្គៃដូ (Juan Guaido) បានទទូចឲ្យ​អ្នកគាំទ្រ​លោកប្រមូលផ្តុំគ្នា​តវ៉ា​នៅថ្ងៃសៅរ៍​នេះ​ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ បញ្ឈប់ការរាំង​ខ្ទប់ជំនួយ​មនុស្ស​របស់​សហរដ្ឋអាមេរិក។ នេះបើតាម​​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

​កាលពីសប្តាហ៍​មុនទីក្រុងវ៉ាស៊ីនតោន​បានប្រកាសថា ខ្លួននឹងបើកច្រកបញ្ជូន​ជំនួយ​មនុស្សធម៌​មកកាន់ប្រទេស​វេណេស៊ុយអេឡា តាម​សំណើ​របស់លោក Guaido ប៉ុន្តែត្រូវបានរារាំង​ដោយ​លោក ម៉ាឌូរ៉ូ។ ខណៈនេះ​ជំនួយរបស់អាមេរិកកំពុងត្រូវដឹកជញ្ជូន​ទៅកាន់ទីក្រុង គូគូតា (Cucuta) នៃប្រទេសកូឡុំប៊ី ដែលស្ថិតនៅក្បែរព្រំដែន​វេណេស៊ុយអេឡា ដែលរង់​ចាំ​ការអនុញ្ញាតពីសមត្ថកិច្ចវេណេស៊ុយអេឡា ទើបអាច​ចូលទៅបាន។

គួរបញ្ជាក់តាមការលើកឡើងរបស់ លោក ម៉ាឌូរ៉ូ ថា លោកនឹងមិន​អនុញ្ញាតឲ្យ​មានការរំលោភ​បំពានលើអធិបតេយ្យភាព​​ នៃប្រទេសរបស់​លោកឡើយ ខណៈ​យោធាវេណេស៊ុយអេឡា​​បានបិទស្ពានចូលមកកាន់​វេណេស៊ុយអេឡា ដោយប្រើកុងតឺន័រ និងរថយន្តដឹក​ប្រេង។ រដ្ឋាភិបាល​វេណេស៊ុយអេឡា បានចាត់​ទុកក្បួន​ដឹកជំនួយមនុស្ស​ធម៌ដឹកនាំដោយ​អាមេរិកនេះ មានបង្កប់ដោយចេតនា​ឈ្លានពាន៕